របាយការណ៍ពីក្រុមស្រាវជ្រាវរបស់ចក្រភពអង់គ្លេស ចេញផ្សាយកាលពីថ្ងៃសៅរ៍ (១៤ ធ្នូ) បានឱ្យដឹងថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីន ក្នុងសង្រ្គាមតំបន់ហ្កាហ្សា ហាក់ដូចជារាប់បញ្ចូលមនុស្សរាប់ពាន់នាក់ដែលបានស្លាប់ដោយសាររោគាពាធធម្មតា ក៏ដូចជាតួលេខមិនត្រឹមត្រូវ — មួយផ្នែកនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លើសឱ្យមើលទៅចំនួនអ្នកស្លាប់ស្ត្រី និងកុមារ មានច្រើនខ្លាំងក្នុងតួលេខសរុប។

ក្រុមស្រាវជ្រាវ ហង់រី ជែកសុន (The Henry Jackson Society) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ហាក់ដូចជាលឿនពេកក្នុងការទទួលយកតួរលេខអ្នកស្លាប់ពីក្រុមភេរវករ ហាម៉ាស ដែលកំពុងត្រូវបានរៀបចំឡើងសម្រាប់តម្រូវការឃោសនា។
របាយការណ៍សង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលតំបន់ហ្កាហ្គាហ្សា ស្ថិតក្រោមក្រុមហាម៉ាស "បានបង្កើនចំនួនអ្នកស្លាប់ជាប្រព័ន្ធ ដោយមិនបានបែងចែករវាងការស្លាប់ជនស៊ីវិល និងអ្នកប្រយុទ្ធ ការរាយការណ៍លើសពីការស្លាប់ពិតប្រាកដក្នុងចំណោមស្ត្រី និងកុមារ និងរាប់បញ្ចូលទាំងបុគ្គលដែលបានស្លាប់មុនជម្លោះចាប់ផ្តើមផងដែរ"។
ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាមនុស្សជាង ៤៤.០០០នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះត្រូវបានសម្លាប់ ឬត្រូវសន្មត់ថាបានស្លាប់នៅក្នុងការប្រយុទ្ធគ្នារហូតមកដល់ពេលនេះ ដែលជាតួលេខមិនអាចផ្ទៀងផ្ទាត់បាន ហើយក៏មិនបែងចែករវាងជនស៊ីវិល និងយុទ្ធជនដែរ។
អ៊ីស្រាអែលនិយាយថា ខ្លួនព្យាយាមកាត់បន្ថយចំនួនជនស៊ីវិលដែលបាត់បង់ជីវិត និងសង្កត់ធ្ងន់ថា ក្រុមហាម៉ាសប្រើប្រាស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ជាខែលការពារខ្លួន ដោយប្រតិបត្តិការពីតំបន់ជនស៊ីវិល រួមមានលំនៅឋាន មន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមជាដើម៕

