ទឹកដីមហាសមុទ្រឥណ្ឌនៃកោះ ម៉ាយ៉ូត (Mayotte) របស់ប្រទេសបារាំង ត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូនដ៏អាក្រក់បំផុតដែលបានបោកបក់លើកោះនេះក្នុងរយៈពេលជិតមួយសតវត្សរ៍។
យ៉ាងហោចណាស់មនុស្ស ១១នាក់ ត្រូវបានរាយការណ៍ថាស្លាប់ នៅពេលព្យុះ ឈីដូ (Chido) បានបោកបក់ដល់ដីគោកនៅថ្ងៃសៅរ៍ (១៤ ធ្នូ) ដែលបណ្តាលឱ្យមានខ្យល់បក់ខ្លាំងជាង ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអាជ្ញាធរព្រមានថា មានការភ័យខ្លាចថាចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ខ្លាំង។

ប្រភពព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា មនុស្ស ១១នាក់បានស្លាប់ និងជាង ២០០នាក់បានរងរបួស ដោយផ្អែកលើរបាយការណ៍របស់មន្ទីរពេទ្យ ប៉ុន្តែសារព័ត៌មាន AFP បានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើង - យ៉ាងហោចណាស់ ១៤នាក់ - ដោយដកស្រង់ប្រភពសន្តិសុខ។
ភាគច្រើននៃប្រជាជន ៣០០.០០០ របស់កោះនេះរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ហើយមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ បណ្តាញអគ្គិសនី ទឹក និងអ៊ីនធឺណិតបានកាត់ផ្ដាច់ទាំងអស់ ហើយរដ្ឋាភិបាលទីក្រុងប៉ារីស បានបញ្ជូនយន្តហោះដឹកជញ្ជូនរបស់យោធា ជាមួយនឹងការផ្គត់ផ្គង់ និងបុគ្គលិកសង្គ្រោះបន្ទាន់៕

