ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅសណ្ឋាគារ សុខាភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀលក្នុងមួយឆ្នាំមិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ។
-សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលឲ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋ ឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងជំនាញ ចុះអប់រំ និងធ្វើការផ្សព្វផ្សាយ បន្ថែមទៀត ដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្តេចធិបតី ព្រមានចំពោះអ្នកណា ដែលបន្លំប្រជាពលរដ្ឋរត់ការ ទាក់ទងនឹងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពី បងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយសម្តេច ក៏បានឲ្យស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវតាមដានចំពោះបញ្ហានេះផងដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ប្តេជ្ញាថែរក្សា និងការពារនូវសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកំពុងកើតមានឡើងនេះ ឲ្យខាងតែបាន។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យអាជ្ញាធរខេត្តទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មាន ពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយ ពិនិត្យឡើងវិញ នូវដំណើរការពាក់ព័ន្ធការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យបានត្រឹមត្រូវ និងមានសង្គតិភាពកុំឱ្យមានការកេងចំណេញ។