លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ពុំបានអនុវត្តតាមការកោះហៅពីរដ្ឋអាជ្ញាកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូទេ ហើយពួកគេគ្រោងចេញដីកាមួយទៀត ខណៈពួកគេស៊ើបអង្កេតលើក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

លោក Yoon និងមន្ត្រីជាន់ខ្ពស់មួយចំនួនប្រឈមការស៊ើបអង្កេតបទឧក្រិដ្ឋសម្រាប់ការចោទប្រកាន់ដែលអាចកើតមានអំពីការបះបោរ ការរំលោភបំពានសិទ្ធិអំណាច និងការរារាំងមនុស្សពីការអនុវត្តសិទ្ធិរបស់ពួកគេ។

រដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមរដ្ឋជ្ញាពិសេសទទួលបន្ទុកការស៊ើបអង្កេតលើការប៉ុនប៉ងបរាជ័យរបស់លោក Yoon ក្នុងការដាក់ច្បាប់អាជ្ញាសឹក បានចេញដីកាកោះហៅលោក Yoon កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយសុំឱ្យលោកចូលខ្លួនដើម្បីសាកសួរនៅម៉ោង១០ ព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប៉ុន្តែលោកមិនបានធ្វើតាមទេ។

ពួកគេបាននិយាយដោយពុំបានផ្តល់ព័ត៌មានលម្អិតថាយើងនឹងចេញដីកាកោះហៅជាលើកទីពីរ។លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តណែងកាលពីថ្ងៃសៅរ៍ទី១៤ធ្នូ ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយត្រូវបានព្យួរពីតួនាទីប្រធានាធិបតីរបស់លោក។
សារព័ត៌មានយ៉ុនហាប់រាយការណ៍ថា រដ្ឋអាជ្ញាបានស្វែងរកដីកាចាប់ខ្លួនកាលពីថ្ងៃអាទិត្យសម្រាប់មន្ត្រីយោធាជាន់ខ្ពស់រួមទាំងប្រធានបញ្ជាការសង្គ្រាមកងទ័ពពិសេស និងជាប្រធានបញ្ជាការដ្ឋានការពាររដ្ឋធានី។
ដោយឡែកនគរបាលបាននិយាយថា ទាហានប្រហែល១.៥០០នាក់ត្រូវបានចល័ត នៅពេលលោក Yoon ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ធ្នូ ៕