ភ្នំពេញ ៖ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតមកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានដំណឹង ឬព័ត៌មានណាមួយអំពីរោងចក្រ សហគ្រាសស្នើសុំផ្អាកចង្វាក់ផលិតកម្មដោយសារជំនន់ទឹកភ្លៀងទេ ពោលគឺនៅតែបន្តដំណើរការធម្មតា។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់ ក្រសួងអត់ទទួលព័ត៌មានថា រោងចក្រត្រូវបានបិទដោយសាររងគ្រោះទឹកជំនន់ទេ គឺរោងចក្រ និងសហគ្រាសនៅបើកដំណើរការធម្មតា“។
ឯកឧត្តមឲ្យដឹងទៀតថា ធម្មតារោងចក្របិទគាត់ជូនដំណឹងមកក្រសួង ន្តែមកដល់ពេលនេះមិនមានទេ ហើយក្រសួងចុះមើលតាមខណ្ឌ អត់មានរបាយការណ៍នេះដែរ”។
ការលើកឡើងរបស់ក្រសួង គឺធ្វើឡើងបន្ទាប់ពីមានគ្រោះជំនន់ទឹកភ្លៀង បានកើតឡើង នៅតាមបណ្តោយស្ទឹងព្រែកត្នោត ចាប់ពីខេត្តកំពង់ស្ពឺ ដល់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។
ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលនេះ មិនមានការរាយការណ៍ណាមួយដែរអំពីរោងចក្រ សហគ្រាស រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទេ ហើយកម្មករនិយោជិតនៅតែបន្តធ្វើការធម្មតា។
ឯកឧត្តម បានអះអាងទៀតថា “រោងចក្រ សហគ្រាសទាំងអស់អាចនិយាយបានថា កាលពីឆ្នាំ២០២០ ក៏អត់មានប៉ះពាល់ ហើយនៅឆ្នាំ២០២១នេះ ក៏អត់មានប៉ះពាល់ដែរ”។
សូមជម្រាបជូនថា គ្រោះទឹកជំនន់ កាលពីឆ្នាំ២០២០កន្លង បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មតាមបណ្តារោងចក្រសហគ្រាសជាង ៧០កន្លែង ដែលមានទីតាំងនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល និងផ្លូវមួយចំនួនឆ្លងកាត់តំបន់នេះ ត្រូវបានផ្អាកចរាចរណ៍ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនកម្មករកម្មការនី និងនិយោជក៕
អត្ថបទ៖ ឈិត បូរ៉ាវី

