ប្រមុខការទូតរបស់ចិនបានព្រមានថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប នឹងនាំមកនូវស្ថានភាពខាតបង់ទាំងសងខាង ហើយបានជំរុញឱ្យទីក្រុងប៉េកាំង និងទីក្រុងព្រុចសែល បន្តកិច្ចពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។

យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានអត្ថាធិប្បាយ បែបនេះកាលពីចុងសប្ដាហ៍នេះក្នុងជំនួបជាមួយលោក អែមម៉ានូអែល បូន (Emmanuel Bonne) ទីប្រឹក្សាការទូតរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំងលើកទី ២៦ នៅទីក្រុងប៉េកាំង។

លោក Wang បាននិយាយថាសង្រ្គាមពាណិជ្ជកម្មនឹងនាំទៅរកស្ថានភាពខាតបង់ទាំងសងខាង។ចិនគឺជាអ្នកការពារដ៏រឹងមាំបំផុតនៃប្រព័ន្ធពាណិជ្ជកម្មសេរី ហើយប្រឆាំងនឹងការយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជារឿងនយោបាយ។

ចិន និងសហភាពអឺរ៉ុប នៅតែជាប់គាំងក្នុងជម្លោះពាណិជ្ជកម្ម។ កាលពីដើមឆ្នាំនេះ ប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ បានដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន ដែលទីក្រុងព្រុចសែលនិយាយថាបានទទួលផលប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋ។
ជាការសងសឹកវិញ ទីក្រុងប៉េកាំង បានបើកការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូក និងទឹកដោះគោរបស់អឺរ៉ុប។
លោក Wang បានជំរុញឱ្យទីក្រុង ព្រុចសែល ប្រកាន់យកអាកប្បកិរិយាស្ថាបនា និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាងតាមរយៈការសន្ទនា៕