លោក Francois Bayrou នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង នឹងត្រូវប្រឈមមុខនឹងបញ្ហាចាស់ៗពីមុនជាច្រើន រួមមានកម្លាំងខុសគ្នាក្នុងសភាដ៏បាក់បែក និងប្រេះស្រាំ ខណៈកិច្ចការដំបូងដ៏ធំបំផុតមួយរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីទីបួនរបស់លោកប្រធានាធិបតី Emmanuel Macron គឺការស្វែងរកការអនុម័តថវិកាសម្រាប់ឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស។

ជាដំបូង លោកត្រូវតែបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលដូចជាអ្នកកាន់តំណែងពីមុនរបស់ខ្លួនដែរគឺលោក Michel Barnier នឹងមានការគាំទ្រពីសំឡេងភាគតិចប៉ុណ្ណោះនៅក្នុងសភា ហើយងាយរងការវាយប្រហារពីគូប្រជែងស្តាំនិយមជ្រុល និងឆ្វេងនិយមប្រកាន់ជំហរតឹង។

អ្នកជំនាញម្នាក់ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Sorbonne បានប្រាប់សារព័ត៌មានរ៉យទ័រថា "ការលំបាកនៅតែមានដូចគ្នាទៅនឹងរដ្ឋាភិបាលរបស់លោក Michel Barnier ប៉ុន្តែអ្វីដែលធូរស្បើយបន្តិចនោះ គឺញត្តិនៃការបោះឆ្នោតដកសេចក្ដីទុកចិត្តម្ដងទៀត ទំនងមិនកើតឡើងក្នុងពេលខ្លីបែបនេះទេ។"

ក្រុមមន្រ្តីជំនិតរបស់លោក Macron បាននិយាយថា លោក Bayrou អ្នកនយោបាយអាជីពវ័យ ៧៣ឆ្នាំរូបនេះ គឺជា "បេក្ខជនពូកែរកភាពចុះសម្រុងបំផុតដែលអាចនាំអ្នកខ្វែងគំនិតគ្នាទាំងឡាយឱ្យមកពិភាក្សាគ្នាបាន" ប៉ុន្តែក្រុមសង្គមនិយមនិយាយថា លោកមិនខុសគ្នាអ្វីពីអ្នកមុនៗទេ៕