ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំ មិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ ខណៈការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គោលបំណងធំបំផុត របស់រាជរដ្ឋាភិបាល គឺដើម្បីជួយលើកស្ទួយជីវភាព របស់បងប្អូនប្រពលរដ្ឋតែប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
សម្តេច បានបន្ថែមទៀតថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពងាយរងគ្រោះជាងអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដូច្នេះត្រូវទាមទារការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ សូមកុំបង្ករឲ្យមានភាពស្មុគស្មាញដល់បងប្អូនប្រជាពលរដ្ឋច្រើនពេកទាក់ទងនឹងការចុះឈ្មោះនេះ ហើយក្រសួងត្រូវចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
ក្នុងនោះសម្តេចនាយករដ្ឋមន្រ្តី ក៏បានព្រមានចំពោះអ្នកណាដែលបន្លំប្រជាពលរដ្ឋរត់ការ ដើម្បីបានលុយពីប្រជាពលរដ្ឋទាក់ទង នឹងការងារនេះ ។ ដោយសម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ។ សម្តេច ក៏បានឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតាមដានចំពោះបញ្ហានេះជាប្រចាំផងដែរ ជៀសវាងបងប្អូនប្រជាពលរដ្ឋចាញ់បោកពួកឱកាសនិយម៕អត្ថបទបាន ចក់


