លោក Han Dong-hoon បានលាលែងពីតំណែងជាមេដឹកនាំគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង ដោយនិយាយនៅថ្ងៃចន្ទ (១៦ ធ្នូ) នេះថា តំណែងរបស់លោករងភាពរង្គោះរង្គើ បន្ទាប់ពីការសម្រេចចិត្តដ៏តានតឹងរបស់ខ្លួនក្នុងការគាំទ្រការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol កាលពីចុងសប្តាហ៍នេះ។

លោក Han បានថ្លែងនៅក្នុងសន្និសីទមួយថា "ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសជឿនលឿនដូចកូរ៉េខាងត្បូង នៅឆ្នាំ២០២៤នេះ ជារឿងគួរឱ្យខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង"។ ទោះបីជាមានការរិះគន់ពីសមាជិកបក្សជុំវិញការអំពាវនាវរបស់ខ្លួនលើការចោទប្រកាន់ទម្លាក់តំណែងលោក Yoon ក៏ដោយ ក៏លោក Han បាននិយាយថា លោកមិនសោកស្តាយទេក្នុងការធ្វើបែបនោះ។

ការលាលែងពីតំណែងនេះបង្ហាញពីការបែកបាក់ចុងក្រោយនៅក្នុងសម្ព័ន្ធភាពជិតស្និទ្ធមួយរវាងលោក Han អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Yoon ខណៈមេដឹកនាំទាំងពីរធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងវិស័យច្បាប់ មុនពេលលោក Yoon ឡើងកាន់តំណែងជាប្រធានាធិបតី។

ទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមបង្ហាញសញ្ញាតានតឹងកាលពីដើមឆ្នាំនេះ នៅពេលលោក Han ចេញមុខស្នើឱ្យគូស្វាមីភរិយាប្រធានាធិបតី សូមអភ័យទោស ចំពោះរឿងអាស្រូវនៃការចោទប្រកាន់ថាស្ត្រីទីមួយបានទទួលយកកាបូប Dior ដ៏ប្រណីត៕