កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ អ៊ីស្រាអែល បានព្រមព្រៀងថានឹងបង្កើនចំនួនប្រជាជនរបស់ខ្លួនទ្វេដងនៅតំបន់កាន់កាប់ខ្ពង់រាប Golan ខណៈនិយាយថាការគំរាមកំហែងពីប្រទេសស៊ីរី នៅតែមាន ទោះបីជាមានភាពស្ងប់ស្ងាត់ពីមេដឹកនាំក្រុមឧទ្ទាមដែលប្រកាន់ជំហរកណ្តាល ជាអ្នកដែលបានបណ្តេញប្រធានាធិបតី លោក Bashar al-Assad ចេញពីតំណែង កាលពីមួយសប្តាហ៍មុន ក៏ដោយ។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការពង្រឹង តំបន់ខ្ពង់រាប Golan គឺជាការពង្រឹងរដ្ឋអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាពិសេសនៅពេលនេះ។
អ៊ីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាបយុទ្ធសាស្ត្រភាគច្រើនពីប្រទេសស៊ីរី ក្នុងសង្រ្គាមរយៈពេល៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧ ដោយបានដាក់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ១៩៨១។

នៅឆ្នាំ២០១៩ នៅពេលនោះ ប្រធានាធិបតី លោក Donald Trump បានប្រកាសការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាប Golan ប៉ុន្តែការដាក់បញ្ចូលឧបសម្ព័ន្ធនេះ ពុំត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើន នោះទេ។ ប្រទេសស៊ីរី បានទាមទារឱ្យអ៊ីស្រាអែល ដកខ្លួនចេញ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗទៀត បានបរាជ័យ។
លោក Netanyahu បាននិយាយថា លោកបានពិភាក្សាជាមួយលោក Trump កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ អំពីការវិវឌ្ឍន៍ផ្នែកសន្តិសុខនៅក្នុងប្រទេសស៊ីរី។ លោក Netanyahu និយាយក្នុងសេចក្តីថ្លែងការណ៍ថា «យើងពុំចាប់អារម្មណ៍ក្នុងជម្លោះជាមួយប្រទេសស៊ីរីទេ» ហើយសកម្មភាពរបស់អ៊ីស្រាអែល ក្នុងប្រទេសស៊ីរី គឺមានបំណង «រារាំងការគំរាមកំហែងដ៏មានសក្តានុពលពីប្រទេសស៊ីរី និងដើម្បីទប់ស្កាត់ការដណ្តើមកាន់កាប់ពីក្រុមភេរវករនៅជិតព្រំដែនរបស់យើង»។