អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិយាយថា សហភាពអឺរ៉ុបនឹងមិនដកទណ្ឌកម្មលើប្រទេសស៊ីរី នៅមុនពេលមេដឹកនាំថ្មីរបស់ប្រទេសធានាបានថា ជនជាតិភាគតិចនឹងមិនត្រូវបានធ្វើទុក្ខបុកម្នេញ ហើយសិទ្ធិស្ត្រី ត្រូវតែបានការពារនៅក្នុងរដ្ឋាភិបាលបង្រួបបង្រួម។

ប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ ដែលមានប្រទេសស៊ីរីនៅលើរបៀបវារៈ ពុំបានពិភាក្សាអំពីការបន្ថែមជំនួយហិរញ្ញវត្ថុដល់ប្រទេសនេះ លើសពីអ្វីដែលសហភាពអឺរ៉ុបបានផ្តល់រួចមកហើយតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ។
«សំណួរមួយក្នុងចំណោមសំណួរជាច្រើន គឺថាតើ នៅពេលអនាគត យើងអាចសម្លឹងទៅរកការសម្របខ្លួននៃរបបទណ្ឌកម្មដែរឬទេ? ប៉ុន្តែនេះច្បាស់ណាស់ថា វាពុំមែនជាសំណួរសម្រាប់ពេលនេះទេ ប៉ុន្តែជាពេលសម្រាប់អនាគត ដែលយើងនឹងមើលឃើញថាតើចំណាត់ការ នឹងដើរក្នុងទិសដៅត្រឹមត្រូវដែរទេ»។

ខណៈសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើប្រទេសស៊ីរី ក្រុមឧទ្ទាមដែលបានដឹកនាំការផ្តួលរំលំប្រធានាធិបតីស៊ីរី លោក Bashar al-Assad គឺក្រុមHayat Tahrir al-Sham ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មនេះរយៈពេលជាច្រើនឆ្នាំផងដែរ ដែលមានបញ្ហាជាច្រើនធ្វើឲ្យស្មុគស្មាញដល់សហគមន៍អន្តរជាតិ។
លោកស្រី Kallas បាននិយាយថា សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតនៃជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរីរួចទៅហើយ។ «យើងចាំបាច់ត្រូវពិភាក្សាពីអ្វីដែលយើងអាចធ្វើបន្ថែមទៀត។
លោកស្រី បាននិយាយបន្ទាប់ពីចូលរួមសន្និសីទនៅក្នុងប្រទេសហ្ស៊កដានី ដែលបានមកជួបជុំគ្នានៃប្រទេសមហាអំណាចក្នុងតំបន់និងលោកខាងលិច ដើម្បីពិភាក្សាអំពីអនាគតក្រោយការដួលរលំរបស់លោកអាសាដ របស់ប្រទេសស៊ីរី។ ក្រុមអ្នកការទូត បានយល់ស្របថា ការការពារជនជាតិភាគតិចរបស់ស៊ីរី គឺជាក្តីបារម្ភធំមួយ។