អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែ ធ្នូ ថា ខ្លួននឹងបិទស្ថានទូតនៅទីក្រុង ឌុយប្លាំង( Dublin) របស់ខ្លួនដោយសារតែ «គោលនយោបាយប្រឆាំងអ៊ីស្រាអែលយ៉ាងខ្លាំងក្លា»របស់រដ្ឋាភិបាលប្រទេសអៀរឡង់ រួមទាំងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការគាំទ្រសម្រាប់សកម្មភាពផ្លូវច្បាប់អន្តរជាតិប្រឆាំងសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកវិញ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសអៀរឡង់ លើរដ្ឋប៉ាឡេស្ទីន កាលពីខែឧសភា ហើយបានធ្វើឲ្យមានកំហឹងកាន់តែខ្លាំងបន្ថែមទៀត កាលពីសប្តាហ៍មុន នៅពេលដែលទីក្រុងឌុយប្លាំង(Dublin) គាំទ្ររឿងក្តីរបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការសម្រេចចិត្តបិទស្ថានទូតអ៊ីស្រាអែល នៅទីក្រុង Dublin ត្រូវបានធ្វើឡើងដោយផ្អែកទៅលើគោលនយោបាយប្រឆាំងអ៊ីស្រាអែលយ៉ាងខ្លាំង របស់រដ្ឋាភិបាលប្រទេសអៀរឡង់»។

រដ្ឋមន្ត្រីការបរទេស លោក Gideon Saar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាព និងវោហាសាស្ត្រប្រឆាំងជនជាតិជ្វីហ្វ ដែលបានប្រើដោយប្រទេសអៀរឡង់ប្រឆាំងអ៊ីស្រាអែល គឺបានចាក់ឫសគល់នៅក្នុងភាពមិនស្របច្បាប់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋជ្វីហ្វ រួមជាមួយនឹងស្តង់ដារទ្វេដង។ ប្រទេសអៀរឡង់ បានឆ្លងកាត់គ្រប់បន្ទាត់ក្រហមនៅក្នុងទំនាក់ទំនង ជាមួយប្រទេសអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បាននិយាយថា ការសម្រេចចិត្តនេះ គួឲ្យសោកស្តាយ ខ្លាំង ហើយប្រទេសរបស់លោក តែងតែក្រោកឈរគាំទ្រជានិច្ចចំពោះសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា លោក ច្រានចោលទាំងស្រុងនូវការអះអាងដែលថា ប្រទេសអៀរឡង់ប្រឆាំង អ៊ីស្រាអែល។ អៀរឡង់ គាំទ្រសន្តិភាព គាំទ្រសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ។ អៀរឡង់ចង់បានដំណោះស្រាយរដ្ឋពីរ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្នុងសន្តិភាព និងសន្តិសុខ។