ទង់ជាតិប្រទេសទួរគី ត្រូវបានបង្ហូតឡើងនៅលើស្ថានទូតប្រទេសទួរគី ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរីបន្ទាប់ពីការបិទរយៈពេល១២ឆ្នាំ។
ទង់ជាតិ បានបក់នៅលើស្ថានទូត កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានបណ្តេញចេញពីតំណេង ហើយក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយម បានចូលគ្រប់គ្រងប្រទេសនេះ។ ស្ថានទូត ត្រូវបានបិទ នៅក្នុងឆ្នាំ ២០១២។

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ចំនួនប្រជាជនស៊ីរី នៅក្នុងប្រទេសទួរគី ដែលកំពុងវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នឹងកើនឡើងជាលំដាប់ ខណៈប្រទេសស៊ីរី មានស្ថិរភាព។

លោក Fidan បាននិយាយបន្ថែមថា ការលុបបំបាត់អង្គភាពការពារប្រជាជន(YPG) គឺជាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទួរគី។
អង្គភាពការពារប្រជាជន (YPG) គឺជាផ្នែកកណ្តាលនៃកងកម្លាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងក្រុមចម្រុះប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប្រទេសទួរគី និយាយថាអង្គភាព YPG គឺជាក្រុមភេរវករដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺត (PKK) ដែលបានប្រយុទ្ធជាមួយរដ្ឋទួរគី អស់រយៈពេល ៤០ឆ្នាំមកហើយ។