ប្រទេសម៉ាលី បួគីណាហ្វាសូ និងប្រទេសនីហ្សេ នឹងមានថេរវេលាអនុគ្រោះរយៈពេលប្រាំមួយខែទៀត បន្ទាប់ពីការចាកចេញដែលបានកំណត់របស់ពួកគេពីក្រុមនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់របស់អាហ្វ្រិកខាងលិច នៅខែក្រោយ ក្នុងអំឡុងពេលដែលប្លុកសហគមន៍អេកូវ៉ាស(ECOWAS) នឹងព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យបន្តនៅ ដែលមេដឹកនាំរបស់ប្លុកនេះ បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ។

កិច្ចប្រជុំកំពូលនៃសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ត្រូវបានគេមើលឃើញថាជាឱកាសមួយដើម្បីដោះស្រាយការដកខ្លួនដែលនឹងកើតឡើងរបស់ប្រទេសទាំងបី នៅថ្ងៃទី២៩ ខែមករា មួយឆ្នាំបន្ទាប់ពីពួកគេបានប្រកាសរួមគ្នាថា ពួកគេនឹងចាកចេញ។

រហូតមកដល់ពេលនេះសហគមន៍ ECOWAS បានបរាជ័យក្នុងគោលដៅរបស់ខ្លួនដើម្បីជំរុញឱ្យពួកគេពិចារណាឡើងវិញ ខណៈប្រទេសទាំងបីនៅក្នុងតំបន់ Sahel ភាគកណ្តាលដែលហែកហួរដោយការបះបោរ បានបង្កើតសម្ព័ន្ធភាពរបស់ពួកគេ ដែលបានព្យាយាមឲ្យកាន់តែខិតជិតគ្នានៅក្នុងវិស័យការពារជាតិ និងវិស័យផ្សេងទៀត ហើយបានបង្ហាញការបោះបង់ចោលសហព័ន្ធរូបិយប័ណ្ណអាហ្វ្រិកខាងលិច។
ប្រធានគណៈកម្មការ លោក Oumar Touray បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលថា ខណៈនៅថ្ងៃទី២៩ ខែមករា នៅតែជាកាលបរិច្ឆេទនៃការដកខ្លួនចេញជាផ្លូវការ កាលបរិច្ឆេទដែលចូលជាធរមានសម្រាប់ការចាកចេញរបស់ពួកគេ ត្រូវបានពន្យារពេលដល់ថ្ងៃទី២៩ ខែកក្កដា ជារយៈពេលអន្តរកាលមួយ ក្នុងអំឡុងពេលដែលអ្នកសម្របសម្រួលមកពីប្លុកនេះនឹងព្យាយាម «ដើម្បីនាំយកប្រទេសសមាជិកទាំងបីត្រឡប់ទៅសហគមន៍ ECOWAS វិញ ដោយពុំមានគំនិតចោទប្រកាន់ណាមួយ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ប្រទេសម៉ាលី នីហ្សេ និងប្រទេសបួគីណាហ្វាសូ បានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តរបស់ពួកគេក្នុងការចាកចេញថា ពុំអាចវិលត្រឡប់វិញបាន ហើយបានប្រកាសរួមគ្នាថា ទឹកដីរបស់ពួកគេនឹងនៅតែគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋសហគមន៍ ECOWAS ទាំងអស់ ក្រោយការចាកចេញ។