កណ្ដាល ៖ មកដល់ថ្ងៃទី២៩ ខែតុលានេះ គឺនៅសល់តែជាង២ថ្ងៃទៀតប៉ុណ្ណោះ បណ្តាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន នឹងបើកដំណើរការបង្រៀន និងការរៀនតាមបណ្តុំនៅគ្រប់កម្រិតសិក្សាទាំងអស់ឡើងវិញជាធម្មតា។
សម្រាប់ត្រៀមបើកសាលារៀនឡើងវិញ សំគាល់ឃើញថា បណ្តាសាលារៀនមួយចំនួន បាននិងកំពុងពន្លឿនការរៀបចំសម្អាតបរិវេណក្នុង និងក្រៅថ្នាក់ ដើម្បីបើកការចូលបង្រៀន និងរៀនប្រកបដោយភាពអនាម័យ និងបរិស្ថានស្អាត។
បើតាមសិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅថ្ងៃនេះ បើទោះគ្រប់មន្ត្រីរាជការឈប់សំរាកដើម្បីអបអរសាទរ ថ្ងៃឡើងគ្រងរាជសម្បត្តិរបស់សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បណ្តាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានស្ម័គ្រចិត្តនាំគ្នាមកសម្អាតបរិវេណទាំងនៅក្នុងថ្នាក់ និងនៅក្រៅថ្នាក់រៀន ដើម្បីអោយធ្វើយ៉ាងណាសាលារៀនមានបរិស្ថានស្អាត និងអនាម័យ ជាពិសេសគឺនឹងចូលរៀនវិញបានធម្មតានៅថ្ងៃច័ន្ទនេះ។
បើតាមលោក ស្រី ស្រឿន នាយករងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព បានថ្លែងថា មកដល់ពេលនេះ គ្រូ និងសិស្សបានសហការរៀបចំសំអាតបន្ទប់ តុអង្គុយ និងបរិវេណក្រៅថ្នាក់បានប្រមាណជាង៨០% ហើយការរៀបចំយឺតនេះ គឺដោយសារបរិវេណសាលាមានសភាពទំនាប រងទឹកភ្លៀងជនលិចយូរ ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា សម្រាប់ការពង្រីកវិសាលភាពបើកគ្រឹះស្ថានសិក្សាសម្រាប់ការបង្រៀន និងការរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូនានាឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ គឺត្រូវអាស្រ័យលើស្ថានភាពជំងឺកូវីដ១៩ចំនួន២គឺ ភូមិសាស្ត្រដែលគ្រប់គ្រងជំងឺកូវីដ១៩បាន និងភូមិសាស្ត្រហានីភ័យមធ្យមនឹងខ្ពស់។
ឯកឧត្តម បន្តថា នៅក្នុងអំឡុងពេលបើកសាលារៀន ថ្នាក់ដឹកនាំសាលារៀន ឬមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត អាចធ្វើការផ្អាកដំណើរការបង្រៀន និងការរៀនសម្រាប់តែបន្ទប់ថ្នាក់រៀនណា មានសិស្ស ឬគ្រូរងការឆ្លងជំងឺកូវីដ១៩ ហើយត្រូវរៀបចំចាត់ចែងយកអ្នកវិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ ដោយឡែកសាលារៀនទាំងមូល និងក្រុមសិស្សមិនពាក់ព័ន្ធអនុញ្ញាតបន្តដំណើរការរៀននិងបង្រៀនជាធម្មតា៕
អត្ថបទ ស៊ុម សុខជា