ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ ២០២៤ បានក្លាយជាពិព័រណ៍ដ៏ជោគជ័យ សម្រាប់ចុងឆ្នាំ ២០២៤នេះ ដោយស្រូបទាញសាធារណៈជន ចូលទស្សនាបានជាង ១០ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនៃពិព័រណ៍។ ភាពជោគជ័យបំផុតគឺនៅថ្ងៃចុងក្រោយ ដែលមានអ្នកចូលរួមរហូតដល់ ១០៣ ៣៨៧នាក់។

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងទ័ពអាកាសកម្ពុជា បានក្លាយជាពិព័រណ៍ដ៏ធំសម្រាប់ចុងឆ្នាំ ២០២៤នេះ។ ពិព័រណ៍នេះ ទទួលបាលជោគជ័យជាខ្លាំង ដែលអាចស្រូបទាញ សាធារណៈជនគ្រប់វ័យ មកពីចម្រុះរាជធានី-ខេត្ត រហូតដល់ជាង១០ម៉ឺននាក់។

លោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ នៃពិព័រណ៍ លើកឡើងថា ការចាប់ផ្ដើមថ្ងៃដំបូង គឺទទួលបានអ្នកចូលរួមជិត ១ម៉ឺននាក់។ ថ្ងៃទី២ ចំនួនអ្នកចូលរួមបានកើនឡើងទ្វេរដង រហូតដល់ជិត៣ម៉ឺននាក់។ កាន់តែជោគជ័យគឺនៅថ្ងៃទី៣ ដែលជាថ្ងៃឈប់សម្រាក ដោយប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត បានធ្វើដំណើរជាក្រុមគ្រួសារមកចូលរួមក្នុងពិព័រណ៍។ សម្រាប់ថ្ងៃចុងក្រោយនៃ ពិព័រណ៍នេះ គឺមានអ្នកចូលរួមរហូតដល់ ១០៣ ៣៨៧នាក់។ ក្នុងនាមជាតំណាងឱ្យក្រុមការងាររៀបចំពិព័រណ៍យន្តហោះ លោក អេង ប៊ុនថេង សម្ដែងនូវភាពពេញចិត្តជាខ្លាំងចំពោះជោគជ័យ ដែលមានការគាំទ្រច្រើនលើលសការរំពឹងទុក។
រយៈពេលទាំង៣ថ្ងៃ នៃពិព័រណ៍ ការចូលរួមគឺមានចម្រុះ។ ថ្ងៃទី ១និងថ្ងៃទី ២ ភាគច្រើនអ្នកចូលរួម ជាសិស្សនិស្សិត ដែលអញ្ជើញចូលរួមទស្សនាពិព័រណ៍ជាមួយខាងសាលា។ រីឯថ្ងៃទី ៣ ត្រូវជាថ្ងៃអាទិត្យ ភាគច្រើនអ្នកចូលរួមមកជាលក្ខណៈគ្រួសារ។ ជាអាណាព្យាបាល ពួកគាត់បានជូនកូនមកកម្សាន្ត ដោយភ្ជាប់ជាមួយគោលដៅបណ្ដុះគំនិតកូនឱ្យកាន់តែស្រឡាញ់បច្ចេកវិទ្យា ក៏ដូចជាការសិក្សា ការធ្វើការងារពាក់ព័ន្ធនឹងយន្តហោះ។
ភាពទាក់ទាញនៃពិព័រណ៍យន្តហោះនេះ គឺមានការដាក់ពិព័រណ៍យន្តហោះជាច្រើនគ្រឿង ដែលអនុញ្ញាតឱ្យសាធារណៈជន អាចឡើងទៅថតរូបលេង និងមានអ្នកបើកបរយន្តហោះ រង់ចាំផ្ដល់ព័ត៌មានរាល់ចម្ងល់ថែមទៀតផង។ លើសពីនេះ គឺមានការតាំងពិព័រណ៍ស្នាដៃបច្ចេកវិទ្យា របស់សិស្សនិស្សិត ការធ្វលសិក្ខាសាលា និងការប្រកួតយន្តហោះបញ្ជា ការប្រកួតដ្រូន ការប្រកួតមនុស្សយន្ត និងការប្រកួតមនុស្សចម្បាំងថែមទៀតផង៕ អត្ថបទ៖ គឹម ហុក













