ក្រសួងការពារជាតិអង់គ្លេស និយាយថា ទាហានរុស្ស៊ីកំពុងរុលចូលទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយគឺទីក្រុង Pokrovsk ភាគខាងកើតប្រទេសអ៊ុយក្រែន។

កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅទីក្រុងយុទ្ធសាស្ត្រក្នុងតំបន់ Donetsk។ រុស្សី ទំនងជាកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ មុនពេលចូលកាន់តំណែងនៅខែក្រោយរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ក្នុងគោលបំណងធានាបានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះការប្រយុទ្ធ តាមរយៈការចរចា។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានរាយការណ៍នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា «កងកម្លាំងរុស្ស៊ី បច្ចុប្បន្នស្ថិតនៅក្នុងចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីជាយក្រុង Pokrovsk ភាគខាងត្បូង។ ក្រសួងបាននិយាយផងដែរថា រុស្ស៊ី ទំនងជានឹងបន្តរុលឆ្ពោះទៅរក ក្រុង Pokrovsk។
មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា កងទ័ពរុស្ស៊ី មានចំនួនច្រើនជាងទាហានអ៊ុយក្រែននៅក្នុងការប្រយុទ្ធសម្រាប់ទីក្រុង Pokrovsk ហើយបានពណ៌នាការប្រយុទ្ធនេះថាជាការប្រយុទ្ធខ្លាំងក្លា។
ទីក្រុង Pokrovsk ត្រូវបានភ្ជាប់ទៅទីក្រុងឧស្សាហកម្មធំបំផុតមួយរបស់អ៊ុយក្រែន គឺទីក្រុងDnipro ដោយផ្លូវធំមួយ។ វា បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់យោធាអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ទៅដល់បុគ្គលិក និងទំនិញ ទៅកាន់សមរភូមិមុខ។