ភ្នំភ្លើង Semeru ដែលស្ថិតនៅកោះជ្វាខាងកើត របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យមជ្ឈមណ្ឌលសម្រាប់ការសម្រាលគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេស ចេញការព្រមានផ្នែកអាកាសចរណ៍។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល បានឱ្យដឹងថា ផេះដ៏ក្រាស់ បានហុយឡើងដល់កម្ពស់១.០០០ម៉ែត្រ ទៅលើអាកាស ដោយបានរសាត់ទៅភាគឦសាន ពីមាត់រណ្ដៅភ្នំភ្លើង។
អាជ្ញាធរ បានចេញការព្រមានផ្នែកអាកាសចរណ៍ខ្ពស់បំផុតទីពីរ ដោយកំណត់ការជូនដំណឹងអំពីភ្នំភ្លើងព័ណ៌លឿងទុំសម្រាប់ផ្នែកអាកាសចរណ៍ ដោយដាក់ការរឹតត្បិតជើងហោះហើរនានាក្នុងចម្ងាយ៥ គីឡូម៉ែត្រ ពីភ្នំភ្លើង។
តំបន់គ្រោះថ្នាក់ក្នុងចម្ងាយ៣គីឡូម៉ែត្រ ត្រូវបានប្រកាស ខណៈតំបន់ភាគអាគ្នេយ៍នៃភ្នំភ្លើង បានកំណត់ពីគ្រោះថ្នាក់ដែលលាតសន្ធឹងរហូតដល់៨គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។

ហួសពីតំបន់ទាំងនេះ អាជ្ញាធរបានហាមឃាត់អ្នកស្រុក មិនឱ្យចូលរួមក្នុងសកម្មភាពណាមួយក្នុងរង្វង់ ៥០០ម៉ែត្រនៃទន្លេដែលមានប្រភពចេញពីជម្រាលភ្នំភ្លើង ដោយសារតែលំហូរកម្អែភ្នំភ្លើង និងពពកក្តៅដែលអាចលាតសន្ធឹងរហូតដល់១៣គីឡូម៉ែត្រ។
ភ្នំភ្លើង Semeru មានកម្ពស់៣.៦៧៦ម៉ែត្រ គឺជាភ្នំភ្លើងដ៏សកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១២៧ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។