ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតាកាលពីថ្ងៃអាទិត្យ បានថ្កោលទោសការអនុ ម័តរបស់រដ្ឋាភិបាលអ៊ីស្រាអែលនូវផែនការពង្រីកការតាំងទីលំនៅ នៅតំបន់ខ្ពង់រាបហ្គូឡង់(Golan Heights) ដែលប្រទេសនេះ បានគ្រប់គ្រង។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ គឺជាការបន្តនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លិចបំផ្លាញឱកាសរបស់ប្រទេសស៊ីរី ក្នុងការស្តារសន្តិសុខ និងស្ថិរភាពរបស់ខ្លួន។

ក្រសួងបានសង្កត់ធ្ងន់លើតម្រូវការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។
ប្រទេសអារ៉ាប់រួម បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ខ្លួនថា សកម្មភាពរបស់អ៊ីស្រាអែល អាចធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា៖«ប្រទេសអារ៉ាប់រួម បដិសេធជាដាច់ខាតចំពោះវិធានការ និងការអនុវត្តទាំងអស់ដែលមានគោលបំណងផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់នៃតំបន់ខ្ពង់រាបហ្គូឡង់ ដែលអ៊ីស្រាអែលកាន់កាប់» ដោយសង្កត់ធ្ងន់ថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅខ្ពង់រាបហ្គូឡង់ បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ ស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសកាតា បានហៅការសម្រេចចិត្តនេះថា ជា «ដំណាក់កាលថ្មីនៃការឈ្លានពានរបស់អ៊ីស្រាអែលជាបន្តបន្ទាប់លើទឹកដីស៊ីរី និងការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។