តុលាការអ៊ីរ៉ង់មួយ បានសម្រេចឲ្យរដ្ឋាភិបាល និងមន្ត្រីរបស់សហរដ្ឋអាមេរិក បង់ប្រាក់សំណងចំនួន ១៧០លានដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ជនជាតិអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត និងអ្នកដែលរងរបួស នៅក្នុង «ការវាយប្រហារភេរវកម្ម» នៅទីក្រុងកំពង់ផែ Chabahar ភាគអាគ្នេយ៍ ក្នុងឆ្នាំ ២០១០។
ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សេចក្តីសម្រេចនេះត្រូវបានចេញ នៅកាលបរិច្ឆេទដែលមិនបង្ហាញដោយសាខាទី ៥៥ នៃតុលាការយុត្តិធម៌ទីក្រុងតេអេរ៉ង់ បន្ទាប់ពីពាក្យបណ្តឹងដែលដាក់ដោយមនុស្ស ៦នាក់ រួមទាំងគ្រួសារជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនោះ។
យោងតាមរបាយការណ៍បានឲ្យដឹងថា មនុស្សសរុបចំនួន ៣៩នាក់ ត្រូវបានសម្លាប់ និង ៧០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ សំដៅលើហ្វូងមនុស្ស ដែលបានប្រមូលផ្តុំ នៅមុខវិហារឥស្លាមសម្រាប់ពិធីកាន់ទុក្ខសាសនា នៅទីក្រុង Chabahar នៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១០។
សារព័ត៌មាន Mizan បានបន្តថា តុលាការអ៊ីរ៉ង់ បានរកឃើញថា រដ្ឋាភិបាលអាមេរិក និងមន្ត្រីមានទោស ពីបទជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារដោយគាំទ្រ «ក្រុមភេរវករ Jundallah» ដែលបានអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការ នៅពេលនោះ។
របាយការណ៍នោះ បានបញ្ជាក់ថា សេចក្តីសម្រេចនោះ បានបញ្ជាឲ្យសហរដ្ឋអាមេរិកបង់ប្រាក់ចំនួន ៧៤ លានដុល្លារជាសំណងសម្រាប់ការខូចខាតខាងសម្ភារៈ និងផ្លូវចិត្ត ដែលបង្កឡើងចំពោះភាគីដើមបណ្តឹង រួមជាមួយនឹងការខូចខាតជាក់ស្តែងពីការវាយប្រហារនោះ ចំនួន ៩៦ លានដុល្លារ។