បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បាននិយាយកាលពីថ្ងៃអាទិត្យថា អង្គការសហប្រជាជាតិ កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសនេះ ហើយកំពុងទន្ទឹងរង់ចាំជំហានបន្ទាប់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការទម្លាក់អតីតប្រធានាធិបតីលោក បាសា អាល់អាសាដ ពីតំណែង ( Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងដាម៉ាស (Damascus) លោក Pedersen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នរដ្ឋស៊ីរី ចាប់ផ្តើមឡើងវិញយ៉ាងពេញលេញនូវមុខងាររបស់ពួកគេ ក្រោមលក្ខខណ្ឌសុវត្ថិភាព។
លោកបាននិយាយថា៖«យើងកំពុងធ្វើការជាមួយគ្រប់ផ្នែកទាំងអស់នៃប្រជាជនស៊ីរី...ហើយយើងមិនចង់ឃើញការសងសឹកណាមួយឡើយ។ ផ្ទុយទៅវិញ យើងត្រូវតែធានាថា ស្ថាប័ននានា ដែលត្រឡប់ទៅធ្វើការវិញ ត្រូវបានគាំទ្រដោយវិធានការសន្តិសុខដ៏ចាំបាច់»។
បេសកជនUNរូបនេះ បានសម្តែងក្តីសង្ឃឹមថា ការដកទណ្ឌកម្មលើប្រទេសស៊ីរី នឹងត្រូវបានពន្លឿន ដោយបើកផ្លូវសម្រាប់ការចាប់ផ្តើមយ៉ាងឆាប់រហ័សសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោក Pedersen បានបន្ថែមថា៖«យើងសង្ឃឹមថា នឹងឃើញការបញ្ចប់យ៉ាងឆាប់រហ័សចំពោះការដាក់ទណ្ឌកម្ម ដូច្នេះដំណើរការស្តារឡើងវិញ អាចចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ»។
ខណៈពេលដែលទទួលស្គាល់ភាពស្មុកស្មាញនៃបរិកាសនយោបាយ លោក Pedersen បានជំរុញឲ្យ ភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ ផ្តោតលើការស្តារឡើងវិញ និងផ្តល់អាទិភាពដល់សុខុមាលភាពរបស់ប្រជាជនស៊ីរីធម្មតា។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រកបដោយស្ថិរភាព និងបរិយាប័ន្ន ដែលចៀសវាងអំពើហិង្សាបន្ថែមទៀត និងធានានូវអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសស៊ីរី។