អាជ្ញាធរការពារជាតិ នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានឲ្យដឹងថា កោះតៃវ៉ាន់បានទទួលរថក្រោះប្រយុទ្ធ Abrams កម្រិតខ្ពស់ចំនួន ៣៨គ្រឿង ពីសហរដ្ឋអាមេរិក ខណៈដែលកោះនេះបង្កើនសមត្ថភាពយោធារបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់ចិន។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់ទីក្រុងតៃប៉ិជាយូរមកហើយ ជាទង្វើនាំឲ្យមានការខឹងសម្បាយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំងដែលអះអាងថា កោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន។
អាជ្ញាធរការពារជាតិរបស់កោះនេះ បានប្រាប់ឲ្យដឹងថា រថក្រោះ M1A2 ជាក្រុមដំបូង ១០៨គ្រឿងដែលត្រូវបានបញ្ជាទិញ ក្នុងឆ្នាំ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃអាទិត្យ (ទី១៥ ខែធ្នូ) ហើយត្រូវបានផ្ទេរទៅកាន់មូលដ្ឋានហ្វឹកហ្វឺនកងទ័ពនៅទីក្រុង Hsinchu ភាគខាងត្បូងនៃរដ្ឋធានីតៃប៉ិ។
រថក្រោះ Abrams ដែលស្ថិតក្នុងចំណោមរថក្រោះទម្ងន់ធ្ងន់បំផុត ក្នុងពិភពលោក គឺជាកម្លាំងសំខាន់របស់យោធាអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា រថក្រោះ M1A2 គឺជារថក្រោះថ្មីដំបូងគេដែលត្រូវបានបញ្ជូនទៅកោះតៃវ៉ាន់ ក្នុងរយៈពេល ៣០ឆ្នាំ។
កងកម្លាំងរថក្រោះរបស់កោះតៃវ៉ាន់បច្ចុប្បន្ន មានរថក្រោះ CM 11 Brave Tiger និងរថក្រោះ M60A3 ផលិត នៅសហរដ្ឋអាមេរិកប្រហែល ១.០០០គ្រឿង ជាបច្ចេកវិទ្យាដែលកាន់តែហួសសម័យហើយ។ កោះតៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងលុកលុយឥតឈប់ឈរពីប្រទេសចិន ដែលមិនបានបដិសេធ ក្នុងការប្រើកម្លាំង ដើម្បីក្រសោបយកកោះស្វ័យគ្រប់គ្រងមួយនេះ៕