«យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាន និងប៉ះពាល់សុខភាពសារធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាន និងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាន និងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬរោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា រោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់៕

