មេដឹកនាំស៊ីរី លោក Ahmad Al-Sharaa បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល កំពុងប្រើលេសមិនពិត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហាររបស់ខ្លួន លើប្រទេសស៊ីរី ប៉ុន្តែថា លោកមិនចាប់អារម្មណ៍ ក្នុងការចូលរួមក្នុងជម្លោះថ្មីNទេ ខណៈដែលប្រទេសនេះ ផ្តោតលើការកសាងឡើងវិញ បន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ (Bashar al-Assad)។
លោក Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed Al-Golani ដឹកនាំក្រុមឧទ្ទាម Hayat Tahrir Al-Sham (HTS) ដែលបានបណ្តេញលោក អាសាដពីអំណាចកាលពីសប្តាហ៍មុន ដោយបញ្ចប់ការគ្រប់គ្រងដោយកណ្តាប់ដៃដែករយៈពេល ៥ទសវត្សរ៍របស់គ្រួសារនេះ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានចូលទៅក្នុងតំបន់គ្មានយោធាមួយ ក្នុងប្រទេសស៊ីរី ដែលបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៧៣ រួមទាំងភ្នំយុទ្ធសាស្ត្រ Hermonនៅខាងស៊ីរី ដែលមើលឃើញទីក្រុងដាម៉ាស (Damascus) ជាកន្លែងដែលអ៊ីស្រាអែលបានគ្រប់គ្រងទីតាំងយោធា ស៊ីរីដែលបោះបង់ចោល។
អ៊ីស្រាអែល ដែលបាននិយាយថា ខ្លួនមិនមានបំណងនៅទីនោះ ហើយហៅការលុកលុយចូលទឹកដីស៊ីរីជាវិធានការមានកំណត់ និងបណ្តោះអាសន្ន ដើម្បីធានាសន្តិសុខតាមព្រំដែននោះ ក៏បានធ្វើការវាយប្រហាររាប់រយលើក ទៅលើឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់ប្រទេសស៊ីរីផងដែរ។
ប្រទេសអារ៉ាប់ជាច្រើន រួមទាំងអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងហ្ស៊កដានី បានថ្កោលទោសអ្វីដែលពួកគេហៅថា ការរឹបអូសយកតំបន់ទ្រនាប់ដោយអ៊ីស្រាអែល នៅតំបន់ Golan Heights។