ព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេស កំពុងប្រឈមនឹងការតាមដានពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំងក្លា កាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បន្ទាប់ពីមានការលាតត្រដាងថា ទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងព្រះអនុជរបស់ស្តេច Charles ជាមួយអ្នកជំនួញចិន ត្រូវបានរដ្ឋាភិបាលអង់គ្លេសគិតថា ធ្វើចារកម្មឲ្យប្រទេសចិន។
ក្នុងសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក មានការបង្ហាញថា ពាណិជ្ជករដែលត្រូវបានគេស្គាល់ត្រឹមតែអក្សរតំណាង H6 ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសអង់គ្លេស ដោយហេតុផលសន្តិសុខជាតិ ព្រោះអាជ្ញាធរសង្ស័យថា រូបគេកំពុងធ្វើការជាសម្ងាត់ឲ្យទីក្រុងប៉េកាំង ដោយការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥស្សរជនអង់គ្លេសដ៏លេចធ្លោ។
តែយ៉ាងណាក្ដី កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ព្រះអង្គម្ចាស់ Andrew បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ BBC និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលព្រះអង្គបានលើកឡើងថា ព្រះ «បានបញ្ឈប់ការទំនាក់ទំនងទាំងអស់» ជាមួយបុគ្គលដែលត្រូវបានពិពណ៌នានៅក្នុងឯកសារតុលាការថា ជា «មនុស្សជំនិត» នៅពេលដែលការព្រួយបារម្ភត្រូវបានលើកឡើង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ព្រះអង្គម្ចាស់បានជួបបុគ្គលនោះតាមរយៈបណ្តាញផ្លូវការ ដោយគ្មានអ្វីមានលក្ខណៈរសើបដែលធ្លាប់បានពិភាក្សាគ្នានោះទេ»។ ទោះជាយ៉ាងនេះក៏ដោយ មន្ទិលសង្ស័យអំពីករណីនេះ បានបន្តគ្របដណ្ដប់លើទំព័រមុខនៃសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានរបស់អង់គ្លេស។
គួរបញ្ជាក់ថា បើទោះបីជានាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិន ចាប់តាំងពីចូលកាន់តំណែង ក្នុងខែកក្កដាក៏ដោយ ក៏ទីក្រុងឡុងដ្រ៍ និងទីក្រុងប៉េកាំង តែងតែបានចោទគ្នាទៅវិញទៅមកម្តងហើយម្តងទៀត ជុំវិញករណីចារកម្មនេះ ដោយសេវាសន្តិសុខរបស់អង់គ្លេសបានព្រមានអំពីការប៉ុនប៉ងរបស់ចិន ក្នុងការជ្រៀតចូលផ្នែកនយោបាយ អាជីវកម្ម និងការសិក្សា។
ស្ថានទូតចិន ប្រចាំនៅទីក្រុងឡុងដ្រ៍ បានពណ៌នាករណី H6 ថា ជាការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីបង្កាច់បង្ខូចប្រទេសចិន និងបំផ្លាញទំនាក់ទំនងការងារធម្មតា៕