រូបិយប័ណ្ណប៊ីតខន (Bitcoin) បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតថ្មី ដោយបានបន្លាយពេលវេលាបន្ថៃមទៀតនៃការឡើងថ្លៃដែលបានមើលឃើញថា តម្លៃរូបិយប័ណ្ណគ្រីបតូឡើងដល់ជាង ៥០ភាគរយ គិតចាប់តាំងពីការទទួលជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។
រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក បានឡើងថ្លៃរយៈពេលខ្លីដល់ ១០៦.០០០ដុល្លារ ក្នុង ១កាក់ មុនពេលធ្លាក់មកនៅប្រហែល ១០៤.៥០០ ក្នុងការជួញដូរ នៅអាស៊ី នាថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា រដ្ឋបាលនាពេលខាងមុខលោក Trump ត្រូវបានគេមើលឃើញថា មានភាពអំណោយផលដល់រូបិយប័ណ្ណគ្រីបតូជាងអ្នកគ្រប់គ្រងសេតវិមានបច្ចុប្បន្ន គឺលោក Joe Biden។
ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានរំលឹកឡើងវិញថា លោកកំពុងពិចារណាបង្កើតឃ្លាំងស្តុករូបិយប័ណ្ណឌីជីថលជាតិ ដែលស្រដៀងទៅនឹងទុនបម្រុងប្រេងជាយុទ្ធសាស្ត្ររបស់ប្រទេស។
លោក Peter McGuire មកពីវេទិកាពាណិជ្ជកម្ម XM.com បានប្រាប់ប្រព័ន្ធផ្សាយ BBC ថា៖ «ការឡើងថ្លៃ Bitcoin គិតចាប់តាំងពីការបោះឆ្នោតមានលក្ខណៈធម្មតា។ ហើយអ្នកវិនិយោគជាច្រើនជឿថា តម្លៃ ១២០.០០០ដុល្លារ អាចសម្រេចបាននៅចុងឆ្នាំ ហើយបន្ទាប់មក នៅឆ្នាំ២០២៥ មានការពិភាក្សាច្រើនពីការឡើងថ្លៃដល់ជាង ១៥០.០០០ដុល្លារ នៅពាក់កណ្តាលឆ្នាំ»។
កាលពីដើមខែនេះ លោក Trump បានតែងតាំងសហគ្រិនរបស់ក្រុមហ៊ុន Silicon Valley លោក David Sacks ជាអ្នកដឹកនាំផ្នែកបញ្ញាសិប្បនិម្មិត (AI) និងរូបិយប័ណ្ណគ្រីបតូ៕