កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសម៉ូសំប៊ិក បានរងការវាយប្រហារពីព្យុះស៊ីក្លូន Chido ជាហេតុបង្កឲ្យមានការជន់លិច បក់រំលើងបង្គោលភ្លើង និងទីជម្រករស់នៅរបស់អ្នកស្រុក ។
វីដេអូដែលបានចុះផ្សាយដោយមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) ឃើញខ្យល់បក់ខ្លាំង ឆ្លងកាត់ដើមដើង ហើយផ្លូវថ្នល់រងការជន់លិច នៅទីក្រុង Pemba គឺជាទីក្រុងមួយស្ថិតនៅតាមតំបន់ឆ្នេរភាគឦសានរបស់ខេត្ត Cabo Delgado ប្រទេសម៉ូសំប៊ិក ហើយ UNICEF និយាយថា ពួកគេកំពុងឆ្លើយតបចំពោះតម្រូវការរបស់មនុស្សរងផលប៉ះពាល់ដោយសារព្យុះមួយនេះ ។
ព្យុះ Chido បានបោកបក់ឆ្លងកាត់ប្រជុំកោះ Mayotte របស់ប្រទេសបារាំង ស្ថិតក្នុងសមុទ្រឥណ្ឌា មុនពេលបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតអាហ្វ្រិក ។ នៅកោះ Mayotte មនុស្ស ១១នាក់ ត្រូវបានសម្លាប់ ហើយព្យុះនេះដែរ បានបំផ្លិចបំផ្លាញជំរំស្នាក់នៅបណ្តោះអាសន្នរបស់អ្នកស្រុក អគាររដ្ឋាភិបាល និងមន្ទីរពេទ្យផងដែរ ។
ប្រទេសម៉ាឡាវី និងហ្ស៊ីមបាវ៉េ បានត្រៀមខ្លួនផងដែរសម្រាប់ការមកដល់របស់ព្យុះស៊ីក្លូន ដែលត្រូវបានគេរំពឹងទុកថា វានឹងនាំមកជាមួយទឹកជំនន់ ។ ប្រទេសហ្ស៊ីមបាវ៉េ បានព្រមានពលរដ្ឋថា ពួកគេគួរតែត្រៀមខ្លួនសម្រាប់ការជម្លៀសខ្លួន ។
សូមបញ្ជាក់ថា ព្យុះស៊ីក្លូន បានបោកបក់ឆ្លងកាត់តំបន់ភាគអាគ្នេយ៍មហាសមុទ្រឥណ្ឌា និងតំបន់ភាគខាងត្បូងអាហ្វ្រិក ចាប់ពីខែធ្នូ រហូតដល់ខែមីនា ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមបារាំង បានឲ្យដឹងថា ព្យុះដែលបានវាយប្រហារកោះ Mayotte គឺជាព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល ៩០ឆ្នាំកន្លងទៅ ដែលបានវាយប្រហារប្រជុំកោះមួយនេះ ៕