ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Jenin តំបន់កាន់កាប់វ៉េសប៊ែង នាំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យ រយៈពេល ១ថ្ងៃក្រោយមនុស្សម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប៉ាឡេស្ទីន និងក្រុមជីវពលប៉ាឡេស្ទីន ។
សំឡេងស្នូរគ្រាប់កាំភ្លើង និងការផ្ទុះ ត្រូវបានឮនៅទីក្រុង Jenin កាលពីថ្ងៃសៅរ៍ ជាទីដែលអំពើហិង្សាកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រវាងក្រុមជីវពល និងក្រុមអាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយលោកខាងលិច ។

កងកម្លាំងសន្តិសុខអាជ្ញាធរប៉ាឡេស្ទីន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់ពួកគេ បានចុះប្រតិបត្តិការសន្តិសុខដើម្បីស្តាឡើងវិញច្បាប់ និងសណ្តាប់ធ្លាប់ នៅជំរំជនភៀសខ្លួនប្រវត្តិសាស្រ្តក្នុងទីក្រុង Jenin ដែលជាតំបន់កាន់កាប់របស់ក្រុមជីវពល ផ្តាច់ខ្លួនពីអាជ្ញាធរប៉ាឡេស្ទីន ។
ក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន ដែលកំពុងធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា អស់រយៈពេលជាង ១ឆ្នំាមកហើយនោះ បានថ្កោលទោសអាជ្ញាធរប៉ាឡេស្ទីន សម្រាប់ប្រតិបត្តិការរបស់ពួកគេនៅទីក្រុង Jenin ហើយក្រុមសម្ព័ន្ធមិត្តជីហាដរបស់ពួកគេ បានអំពាវនាវឲ្យមានការតវ៉ារយៈពេល ១ថ្ងៃ ។
ទីក្រុង Jenin បានក្លាយជាចំណុចក្តៅនៃជម្លោះរវាងក្រុមជីវពលប៉ាឡេស្ទីន និងយោធាអ៊ីស្រាអែលផងដែរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ចាប់តាំងពីឆ្នាំ ២០២២រហូតមក ទីក្រុង Jenin និងតំបន់ភាគខាងជើងវ៉េសប៊ែង បង្កឲ្យមានការវាយឆ្មក់កើនឡើងរបស់អ៊ីស្រាអែល ក្រោយការវាយប្រហារតាមផ្លូវរបស់ជនប៉ាឡេស្ទីន ៕

