កាលពីថ្ងៃអាទិត្យម្សិលមិញ សិស្សសាលា បានវិលត្រឡប់មកចូលរៀនវិញហើយនៅក្នុងប្រទេសស៊ីរី ក្រោយអ្នកគ្រប់គ្រងថ្មីប្រទេសមួយនេះ បានបញ្ជាឲ្យសាលារៀនបើកទ្វារឡើងវិញ ។
វាគឺជាសញ្ញាមួយនៃប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសស៊ីរី រយៈពេល ១សប្តាហ៍ ក្រោយក្រុមឧទ្ទាមដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស់ ជាមួយនឹងការផ្តួលរំលំរបបផ្តាច់ការរបស់លោកប្រធានាធិបតី Bashar al-Assad ។

សាលាវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុងដាម៉ាស់ សិស្សសាលានាំគ្នាអបអរសាទរ និងទះដៃ ពេលដែលទង់ជាតិដែលត្រូវបានអនុម័តឡើងដោយក្រុមអាជ្ញាធរថ្មី បានបង្ហូតឡើងលើ ។
នាយកសាលារៀនមួយកន្លែងនេះ និយាយថា សាលារៀនរបស់លោកបំពាក់ដោយគ្រឿងបរិក្ខាសិក្សាគ្រប់គ្រាន់ ហើយនិងបានចំណាយពេល ២-៣ថ្ងៃកន្លងមកនេះ ដើម្បីរៀបចំស្វាគមន៍សិស្សសាលាឲ្យវិលត្រឡប់មកចូលរៀនវិញ ។
ក្រុមមន្រ្តីនិយាយថា សាលារៀនភាគច្រើននៅជុំវិញប្រទេសស៊ីរី បានបើកទ្វារឡើងវិញហើយកាលពីថ្ងៃអាទិត្យ ។
បើទោះបីជាឪពុកម្តាយមួយចំនួន ពុំបានបញ្ជូនកូនៗរបស់ពួកគេទៅកាន់ថ្នាក់រៀននោះ ពួកគេមួយចំនួន មានការព្រួយបារម្ភចំពោះស្ថានភាពអនាគតពុំច្បាស់លាស់នៅក្នុងប្រទេសស៊ីរី ។
ទោះបីជាយ៉ាងណាក៏ដោយ សិស្សសាលា និយាយថា ពួកគេមានសុទិដ្ឋិនិយម ហើយនិងសប្បាយចិត្តខ្លាំង ។
សិស្សសាលាមួយរូប និយាយថា រូបគេធ្លាប់តែដើរតាមផ្លូវដោយការភ័យខ្លាច ហើយរូបគេត្រៀមខ្លួនរួចរាល់ក្នុងការចូលបម្រើកងទ័ព ។
លោក Ahmad al-Sharaa ដែលជាមេដឹកនាំថ្មីតាមព្រឹទ្ធន័យរបស់ស៊ីរី ប្រឈមនឹងការងារលំបាកដ៏ធំមួយក្នុងការកសាងប្រទេសជាតិឡើងវិញ ក្រោយសង្រ្គាមស៊ីរិលរយៈពេល ១៣ឆ្នាំ ៕

