ព្រឹទ្ធសភាហ្វីលីពីនកាលពីថ្ងៃទី ១៦ ខែធ្នូ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងផ្ដល់សិទ្ធិឲ្យគ្នាទៅវិញទៅមក (RAA) ជាមួយប្រទេសជប៉ុន ដែលនឹងអនុញ្ញាតឲ្យកម្លាំងយោធារបស់ពួកគេអាចដាក់ពង្រាយនៅលើដែនដីរបស់គ្នាទៅវិញទៅមក ខណៈដែលប្រទេសទាំង ២ ព្រួយបារម្ភអំពីជំហរដ៏គឃ្លើនកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់។
RAA ជាប្រភេទដំបូងបង្អស់នៃកិច្ចព្រមព្រៀងបែបនេះ ដែលជប៉ុនបានចុះហត្ថលេខា នៅអាស៊ី នឹងសម្រួលដល់ការចូលនូវគ្រឿងយុទ្ធោបករណ៍ និងកងទ័ព សម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធ និងការឆ្លើយតបគ្រោះមហន្តរាយ ដោយធ្វើឲ្យកាន់តែរលូននូវកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងម៉ានីល និងតូក្យូ។

សមាជិកព្រឹទ្ធសភាទាំង ១៩រូប ដែលមានវត្តមាននៅថ្ងៃទី១៦ ខែធ្នូនេះ បានបោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដោយមានឯកអគ្គរដ្ឋទូតជប៉ុន លោក Kazuya Endo ចូលរួមនៅសាលប្រជុំសភា ក្នុងទីក្រុងម៉ានីល។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសនៃប្រទេសទាំង២ កាលពីខែកក្កដា ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវការការយល់ព្រមពីសភា ដើម្បីក្លាយជាច្បាប់ជាធរមាន។ ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ទាំងហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកដូចគ្នា បានប្រកាន់យកនូវគោលជំហរដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាការអះអាងយ៉ាងគឃ្លើនកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ហើយសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕
