អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង គឺជាប្រទសជិតខាងដ៏សំខាន់មួយ ហើយស្ថិរភាពនៅឧបទ្វីប គឺជាផលប្រយោជន៍របស់អ្នករាល់គ្នា ។
លោក Lin និយាយអំឡុងសន្និសីទសារព័ត៌មានថា គោលនយោបាយរបស់ចិនចំពោះកូរ៉េខាងត្បូង មិនផ្លាស់ប្តូរនៅដដែល ។ ពួកយើងសង្ឃឹមថា កូរ៉េខាងត្បូង នឹងធ្វើការជាមួយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមេត្រីភាព និងភាពជាដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំង ២ ។
គួរឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ត្រូវបានចោទប្រកាន់កាលពីថ្ងៃសៅរ៍ ដោយសភាគ្រប់គ្រងដោយក្រុមប្រឆាំង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ។
មន្រ្តីនគរបាល និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមចម្រុះមកពីនគរបាល ក្រសួងការពារជាតិ និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយ គ្រោងនឹងកោះហៅលោក Yoon សម្រាប់ការសាកសួរនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ ៕


