ជប៉ុននិយាយនៅថ្ងៃចន្ទនេះថា ពួកគេកំពុងយកចិត្តទុកដាក់ខ្លាំងលើការវិវឌ្ឍនយោបាយនៅកូរ៉េខាងត្បូង ក្រោយលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់កាលពីចុងសប្តាហ៍កន្លងទៅ ។
លោក Yoshimasa Hayashi គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រោមស្ថានភាពយុទ្ធសាស្រ្តបច្ចុប្បន្ន សារៈសំខាន់នៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង នៅតែមិនផ្លាស់ប្តូរ ។ ពួកយើងនឹងបន្តរក្សាទំនាក់ទំនងជិតស្និតជាមួយភាគីកូរ៉េខាងត្បូង ។
លោក Yoon ត្រូវបានចោទប្រកាន់ និងផ្អាកភារកិច្ចកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹករបស់លោក ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo កាលពីថ្ងៃអាទិត្យ បានចេញមុខមកធានាដល់សម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង និងធ្វើឲ្យស្ងប់ស្ងាត់ទីផ្សារហិរញ្ញវត្ថុ ។
យោងតាមការអះអាងរបស់សេតវិមាន បានឲ្យដឹងថា លោក Han បានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ៕

