ប្រទេសន័រវ៉ែស នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ទឹកប្រាក់ចំនួន ២,៧ពាន់លានក្រូណា (២៤២លានដុល្លារ) ដើម្បីពង្រឹងកងទ័ពជើងទឹករបស់អ៊ុយក្រែន និងជួយប្រទេសនេះទប់ទល់កងកម្លាំងជើងទឹករបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ។
រដ្ឋាភិបាលបានប្រាប់ថា មូលនិធិភាគច្រើននឹងយកទៅប្រើប្រាស់លើផ្នែកនវានុវត្តន៍ និងស្វ័យភាព ក្រោមសម្ព័ន្ធសមត្ថភាពដែនសមុទ្រ ដែលប្រទេសន័រវ៉ែស និងអង់គ្លេស បានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីធ្វើឲ្យកងទ័ពជើងទឹកអ៊ុយក្រែនកាន់តែស៊ីចង្វាក់គ្នាជាមួយសម្ព័ន្ធមិត្តលោកខាងលិច។
នាយករដ្ឋមន្ត្រី លោក Jonas Gahr Stoere បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វាគឺជារឿងចាំបាច់ណាស់ ក្នុងការការពារប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ពីការវាយប្រហារដោយកងនាវារបស់រុស្ស៊ី នៅសមុទ្រខ្មៅ»។ លោកបានបន្ថែមថា៖ «ហើយវាក៏មានសារៈសំខាន់ផងដែរ ក្នុងការការពារការនាំចេញតាមសមុទ្រនូវគ្រាប់ធញ្ញជាតិ និងផលិតផលផ្សេងទៀត ដែលបង្កើតប្រាក់ចំណូលដ៏សំខាន់ សម្រាប់ប្រទេសអ៊ុយក្រែន»។
ជំនួយនេះ រួមមានវិភាគទានពីកងកម្លាំងប្រដាប់អាវុធន័រវ៉ែស ក៏ដូចជាគ្រឿងយុទ្ធោបករណ៍ ដែលត្រូវបានទិញពីឧស្សាហកម្ម ដើម្បីធ្វើវិភាគទានជាបន្តបន្ទាប់។ រដ្ឋាភិបាលបានបន្ថែមថា មូលនិធិនេះក៏នឹងត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនផងដែរ៕


