ប្រទេសម៉ូសំប៊ិក រងការវាយប្រហារដោយសារព្យុះស៊ីក្លូន Chido កាលពីថ្ងៃអាទិត្យ ដោយបានបោកបក់រំលើងបង្គោលភ្លើង បំផ្លិចបំផ្លាញទីជម្រក និងលិចផ្លូវ ។
ថ្លែងនៅទីក្រុង Pemba រដ្ឋធានីខេត្ត Cabo Delgado របស់ប្រទេសម៉ូសំប៊ិក លោក Guy Taylor គឺជាមន្រ្តីរបស់មូលនិធិកុមារអន្តរជាតិ UNICEF និយាយថា អង្គការរបស់លោកកំពុងដោះស្រាយផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង ដោយលោកបានលើកឡើងពីការបាត់បង់ជីវិតមនុស្ស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។
លោក Taylor គឺជាប្រធានផ្នែកទំនាក់ទំនង និងគាំទ្ររបស់ UNICEF នៅប្រទេសម៉ូសំប៊ិក និយាយថា អង្គការរបស់លោក មានការព្រួយបារម្ភពីផលប៉ះពាល់បន្ទាន់របស់ព្យុះស៊ីក្លូន ។ ការបាត់បង់អាយុជីវិតមនុស្ស ការខូចខាតសាលារៀន ផ្ទះសម្បែងប្រជាពលរដ្ឋ មន្ទីរពេទ្យ ។
លោកបន្តថា ក្មេងៗនឹងមិនអាចចូលរៀនបាន ក្នុងរយៈពេលច្រើនសប្តាហ៍ ហើយនិងការរីករាលដាល់ខ្លាំងនៃជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់ ។
គួរឲ្យដឹងថា ព្យុះស៊ីក្លូន Chido បានបោកបក់ឆ្លងកាត់ប្រជុំកោះ Mayotte របស់បារាំង ស្ថិតក្នុងមហាសមុទ្រឥណ្ឌា មុនពេលបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតអាហ្វ្រិក ។ នៅប្រជុំកោះ Mayotte មនុស្សរាប់រយនាក់ ឬរាប់ពាន់នាក់ ត្រូវបានគេព្រួយបារម្ភថា បានស្លាប់ ៕


