គណៈប្រតិភូមន្ត្រីចិនដឹកនាំដោយអភិបាលរងទីក្រុងសៀងហៃ បានធ្វើដំណើរទៅដល់ទីក្រុងតៃប៉ិ នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ ដើម្បីចូលរួមវេទិកាប្រចាំឆ្នាំទីក្រុង និងទីក្រុង ជាដំណើរទស្សនកិច្ចដ៏កម្រមួយ ដែលកើតមានឡើងនៅពេលដែលមានភាពតានតឹងកើនឡើងផ្នែកយោធា និងនយោបាយ រវាងកោះតៃវ៉ាន់ និងប្រទេសចិន។
គួរបញ្ជាក់ថា ប្រទេសចិន ដែលទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាដែនដីរបស់ខ្លួន កាលពីសប្តាហ៍មុន បានធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំ នៅជិតកោះតៃវ៉ាន់ ហើយតែងបានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង នៅលើដែនអាកាស និងដែនទឹក ជុំវិញកោះនេះ។
អភិបាលរងទីក្រុងសៀងហៃ លោក Hua Yuan បានទៅដល់អាកាសយានដ្ឋានតំបន់ Songshan ភាគកណ្ដាលរបស់ទីក្រុងតៃប៉ិ ដើម្បីចូលរួមវេទិកាទីក្រុងតៃប៉ិ-សៀងហៃ នៅថ្ងៃអង្គារ (ទី១៧ ខែធ្នូ) ដែលត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងឆ្នាំ២០១០ តែលោកមិនបានឆ្លើយសំណួរដែលស្រែកសួរដោយអ្នកសារព័ត៌មាននោះឡើយ។
ក្រុមតូចមួយមកពីការិយាល័យសាធារណរដ្ឋតៃវ៉ាន់ (Taiwan Republic Office) ដែលគាំទ្រឯករាជ្យ បានស្រែកថា «កោះតៃវ៉ាន់ និងចិន ប្រទេសដាច់ដោយឡែកពីគ្នា» នៅពេលលោកចាកចេញពីព្រលានយន្តហោះ។
អភិបាលទីក្រុងតៃប៉ិ លោក Chiang Wan-an មកពីគណបក្ស Kuomintang ជាបក្សប្រឆាំងដ៏ធំ ដែលតែងតែគាំទ្រការមានទំនាក់ទំនងជិតស្និទ្ធ នៅទូទាំងច្រកសមុទ្រ ទោះបីជាខ្លួនបដិសេធមិនគាំទ្រទីក្រុងប៉េកាំងក៏ដោយ បាននិយាយថា ដំណើរទស្សនកិច្ចបែបនេះ គឺចាំបាច់ច្រើនជាងពេលណាទាំងអស់នៅពេលមានភាពតានតឹងបែបនេះ៕