រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Andrei Belousov បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកបម្រើយោធា ៤២៧.០០០នាក់ បានចុះហត្ថលេខាជាមួយកងទ័ពក្នុងឆ្នាំនេះ ។
លោក Belousov បានថ្លែងបែបនេះ នៅក្នុងពិធីជួបជុំប្រចំាឆ្នាំរបស់ក្រុមឧត្តមសេនីយ៍កំពូល និងមេបញ្ជាការជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយមានការចូលរួមពីលោកប្រធានាធិបតី Vladimir Putin ។
លោកនិយាយថា ការចំណាយយោធា បានកើនឡើងដល់ ៦,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) គឺជាតួលេខមួយស្របតាមសំណើថវិការុស្ស៊ី ។
លោក Belousov បានអំពាវនាវឲ្យយោធាធានាដល់ជ័យជំនះសម្រាប់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន គឺជាអ្វីដែលទីក្រុងម៉ូស្គូ ចាត់ទុកថាជាប្រតិបត្តិការសឹកពិសេសរបស់ខ្លួន ។
លោកថា ពួកយើងត្រូវការបង្ហាញពីវឌ្ឍនភាពសំខាន់នៅឆ្នាំក្រោយ ។ អាទិភាពដំបូង គឺត្រូវធានាដល់ជ័យជំនះក្នុងប្រតិបត្តិការសឹកពិសេស និងឈានដល់គោលដៅដែលមេបញ្ជាការ បានកំណត់នៅក្នុងសុន្ទកថារបស់លោកទៅកាន់ប្រទេសជាតិ រយៈពេល ១ថ្ងៃមុនប្រតិបត្តិការយោធាចាប់ផ្តើមនៅអ៊ុយក្រែន ៕


