ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទ (ទី១៦ ខែធ្នូ) នេះ បានចោទប្រកាន់លោកខាងលិចថា បានរុញរុស្ស៊ីឲ្យដល់ចំណុច «បន្ទាត់ក្រហម» ជាស្ថានភាពដែលប្រទេសនេះបានបញ្ជាក់ជាសាធារណៈយ៉ាងច្បាស់ថា ខ្លួននឹងមិនអត់ទ្រាំតទៅទៀតទេ ហើយបាននិយាយថា ទីក្រុងមូស្គូត្រូវបានបង្ខំឲ្យឆ្លើយតប។
លោក Putin បានប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិថា រុស្ស៊ីកំពុងតាមមើលដោយក្ដីបារម្ភនូវការវិវត្តន៍របស់សហរដ្ឋអាមេរិក ហើយនិងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមដែលអាចកើតមាន។
លោកបាននិយាយថា រុស្ស៊ីនឹងជ្រើសរើសលុបចោលរាល់ការរឹតបន្តឹង លើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបន្តទៅមុខ ហើយដាក់ពង្រាយមីស៊ីលបែបនេះ។
លោក Putin ដែលបាននិយាយថា រហូតមកដល់ពេលនេះ នៅឆ្នាំនេះ កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានគ្រប់គ្រងទីតាំងឈរជើងចំនួន ១៨៩កន្លែង បានសង្កត់ធ្ងន់ថា វត្តមានអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺមានដើម្បីការការពារ៕

