មន្រ្តីជាន់ខ្ពស់មួយរូប និយាយនៅថ្ងៃចន្ទនេះថា ឥណ្ឌូនេស៊ី នឹងបញ្ជូនអ្នកស្រី Mary Jane Veloso គឺជាស្រ្តីជនជាតិហ្វីលីពីនដែលត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់ការជួញដូរគ្រឿងញៀនខុសច្បាប់ ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ នៅព្រឹកថ្ងៃពុធខាងមុខនេះ ។
លោក Nyoman Gede Surya Mataram គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកច្បាប់ និងកិច្ចការសិទ្ធិមនុស្សឥណ្ឌូនេស៊ី បាននិយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះថា អ្នកស្រី Veloso ត្រូវបាននាំចេញពីពន្ធនាគារនៅទីក្រុង Yogyakarta កាលពីថ្ងៃអាទិត្យ ជាកន្លែងដែលគាត់បានជាប់ពន្ធនាគារអស់រយៈពេល ១៤ឆ្នាំមកហើយ មកកាន់ពន្ធនាគារស្រ្តីក្នុងរដ្ឋធានីហ្សាកាតា ។
លោកថា អ្នកស្រី Veloso នឹងធ្វើដំណើរទៅកាន់ហ្វីលីពីន ចេញពីទីក្រុងហ្សាកាតា តាមជើងហោះហើរពាណិជ្ជកម្ម ។
ក្រសួងការបរទេសហ្វីលីពីន ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយលើការធ្វើមាតុភូមិនិវត្តន៍នេះ ។
ឥណ្ឌូនេស៊ី និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងខែនេះ ដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នកស្រី Veloso គឺជាស្រ្តីកូន ២ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Yogyakarta កាលពីឆ្នាំ ២០១០ ក្រោយរកឃើញសារធាតុញៀនហេរ៉ូអ៊ីនទម្ងន់ ២,៦គ.ក លាក់ក្នុងវ៉ាលីរបស់គាត់ ៕


