នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Bruno Retailleau បានធ្វើដំណើរដល់ប្រជុំកោះ Mayotte ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ស្របពេលដែលមនុស្សរាប់រយនាក់ ឬរហូតដល់រាប់ពាន់នាក់ អាចត្រូវបានសម្លាប់ ពេលដែលព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជិត ១សតវត្សរ៍កន្លងមកនេះ វាយប្រហារកោះមួយនេះ កាលពីថ្ងៃអាទិត្យ ។
ពេលសួរពីចំនួនមនុស្សស្លាប់សរុបពីព្យុះស៊ីក្លូន Chidoក្រសួងមហាផ្ទៃបារាំង និយាយថា វាពិបាករាប់បញ្ចូលជនរងគ្រោះទាំងអស់ ហើយតួលេខមិនអាចកំណត់បាននោះទេ នៅក្នុងដំណាក់កាលនេះ ។
ក្រសួងឧតុនិយមបារាំង និយាយថា ព្យុះ Chido បានវាយប្រហារប្រជុំកោះ Mayotte កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ធ្វើឲ្យខូចខាតដល់អគារអ្នកស្រុក អគាររដ្ឋាភិបាល និងមន្ទីរពេទ្យ ។ វាគឺជាព្យុះខ្លាំងក្លាបំផុតវាយប្រហារប្រជុំកោះ Mayotte ក្នុងរយៈពេលជាង ៩០ឆ្នាំកន្លងមកនេះ ។
ស្ថិតនៅចម្ងាយ ៨ពាន់គ.មពីទីក្រុងប៉ារីស កោះ Mayotte គឺជាដែនដីក្រីក្រជាងតំបន់ផ្សេងទៀតរបស់បារាំង ហើយតែងតែកើតមានអំពើហិង្សារបស់ក្រុមអន្ធពាល អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ភាពតានតឹងកាន់តែធ្ងន់ធ្ងរខ្លាំងនៅដើមឆ្នាំនេះ ដោយសារកង្វះខាតទឹកប្រើប្រាស់ ៕


