ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីគណៈកម្មាធិការកណ្តាល,ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងប្រធានយកដ្ឋានទាំង៥នៃ កាកបាទក្រហមកម្ពុជា សរុបចំនួន២៨នាក់ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
បន្ទាប់ពីបានស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥. ដែលអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពូជា បានធ្វើការកោតសរសើរ នូវសកម្មភាពរបស់គណៈកម្មាធិការ និងក្រុមប្រតិបត្តិទាំងអស់ ដែលមួយឆ្នាំកន្លងមកនេះ បានខិតខំ ជាពិសេសបានចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយមេរោគអេដស៏ និង ជំងឺមិនឆ្លង ដែលជាជំងឺកំពុងពេញនិយម។ ដូច្នេះដើម្បីពង្រឺងការងារនេះបន្ថែម សម្រាប់ទិសដៅការងារឆ្នាំបន្ត លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានស្នើរអោយក្រុមប្រតិបត្តិទាំងអស់ បង្កើននូវការអប់រំផ្សព្វផ្សាយអំពីជំងឺមិនឆ្លង ( ជំងឺទឹកនោមផ្អែម. ជំងឺមហារីក. ជំងឺសសៃឈាមបេះដូង និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ) អោយបានទូលំទូលាយ។ លោកជំទាវបណ្ឌិតបញ្ជាក់ថាជំងឺនេះ មិនថាតែមនុស្សចាស់ទេ សូម្បីតែក្មេងៗក៏អាចកើតមានដែរ ដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ។
កិច្ចប្រជុំនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើការណែនាំដល់គណៈកម្មាធិការ ជួយផ្សព្វផ្សាយដល់ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំងអស់ អោយបេីកទូលាយដល់ការចូលជាគណ:កិត្តិយសកាកបាទក្រហមកម្ពុជា ទោះបីជាអាជីវករក៏ដោយ ដេីម្បីរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ក្នុងខេត្តនីមួយៗឲ្យកាន់តែប្រសើរឡើង. ។ ទាក់ទងការផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំឲ្យប្រុងប្រយ័ត្ននិងត្រូវផ្តល់ឲ្យចំគោលដៅអ្នករងគ្រោះនិងលំបាកខ្វះខាតពិតប្រាកដ. ។ បន្ទាប់មកសម្តេចប្រធានបានណែនាំដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន. និងប្រធាននាយកដ្ឋានទាំង៥ ឲ្យសហការគ្នាក្នុងការអនុវត្តការងារឲ្យបានច្បាស់លាស់ក្នុងការបំពេញភារកិច្ច និងបេសកម្មមនុស្សធម៌. ។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា ក៏បានជម្រាបជូន និងឆ្លងរបាយការណ៍ ចំណូល ចំណាយ ឆ្នាំ២០២៤ និងស្នេីសុំការអនុម័តរបាយការណ៍ឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៥។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានថ្លែងថាក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹង ពង្រីកសម្មភាពនៃចលនា កាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុតឱ្យបានល្អ។ សម្តេចបានលើកឡើងផងដែរ ពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀតរាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភដល់ចលនា កាកបាទក្រហមកម្ពុជា បន្ត៕
អត្ថបទ: សំ ងីម


















