លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលហៅកាត់ថា IFC បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវ សុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយលោកមានបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យដឹកជញ្ជូន ថាមពលកកើតឡើងវិញ និងវិស័យមួយចំនួនទៀត។
ក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤នេះ លោក អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានលើកឡើងថា សូវវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់ របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះដែរលោក Riccardo Puliti ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជា ជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សចំពោះការចូលរួមចំណែករបស់IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ សម្តេចធិបតីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូនផងដែរ ដោយក្នុងនោះរួមមាន ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិជាដើម។
បន្ថែមពីនេះសម្តេចធិបតី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោបាយនៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរសម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាផងដែរ៕


