ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ូយ ថាញ់សិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណ ឯកឧត្តម ប៊ុយ ជាញ់សិន ដែលបានសម្តែងការ អបអរសាទរចំពោះឯកឧត្តម ដែលទទួលបានការតែងតាំងឡើងវិញ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង រទ្វេភាគីរវាងប្រជាជាតិទាំងពីរបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីររួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង នៅវៀតណាម កាលពីខែវិច្ឆិកា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អគ្គលេខាធិការ តូ ឡិម អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៨ ដែលបាន ពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជា-វៀតណាម បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ទាំងពីរ ក៏បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់នានានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានា រួមមានកិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំនៅលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅកម្ពុជា៕
