រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz)បាននិយាយកាលពីថ្ងៃចន្ទ ១៦ ខែធ្នូថា ក្រុមអ្នកចរចាអ៊ីស្រាអែល មិនដែលខិតជិតកិច្ចព្រមព្រៀង ដូចពេលនេះទេ សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រោយមកប្រភពមួយបានប្រាប់សារព័ត៌មាន AFP ថាក្រុមបច្ចេកទេសរបស់អ៊ីស្រាអែលបានទៅដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងនៅហ្កាហ្សា។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថាការជួបគ្នានេះ គឺរវាងកម្រិតក្រុមការងាររបស់អ៊ីស្រាអែល និងកាតា។
តាមអ្នកនាំពាក្យរបស់លោកខាត់ស៍ បានប្រាប់សមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអ៊ីស្រាអែលថា កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជិតសម្រេចហើយ យើងពុំធ្លាប់បានមើលឃើញកិច្ចព្រមព្រៀងស្តីពីការដោះដូរចំណាប់ខ្មាំងកាន់តែជិតបែបនេះទេ ចាប់តាំងពីកិច្ចព្រមព្រៀងលើកដំបូង ។មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅទីក្រុងដូហា ក៏បាននិយាយផងដែរថាការចរចាកំពុងមានការរីកចម្រើន។

មន្ត្រីរូបនេះបាននិយាយថាកិច្ចព្រមព្រៀងដោះដូរអ្នកទោស និងបទឈប់បាញ់ ជិតសម្រេចបានជាងពេលណាៗទាំងអស់ បើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin) Netanyahu មិនមានចេតនារំខានដល់កិច្ចព្រមព្រៀងដូចដែលបានធ្វើរាល់ដងទេនោះ។
លោកបាននិយាយថា ក្រុមហាម៉ាសបានជូនដំណឹងដល់ក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាពីការត្រៀមខ្លួនដើម្បីបញ្ឈប់សង្គ្រាមនេះ៕