លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចង្អុលមុខលោកខាងលិចថា បានរុញប្រទេសរុស្ស៊ីទៅផ្អឹបបន្ទាត់ក្រហមរបស់ខ្លួន ជាស្ថានភាពដែលខ្លួនបានបញ្ជាក់ជាសាធារណៈថា ខ្លួននឹងមិនអាចអត់ឱនបានទេ ហើយបាននិយាយថា ទីក្រុងមូស្គូ ត្រូវបានគេបង្ខំឱ្យឆ្លើយតបទាំងដែលចិត្តមិនចង់។

លោក Putin បានប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិថា រុស្ស៊ីកំពុងតាមដានការវិវត្តន៍របស់សហរដ្ឋអាមេរិក និងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ពោពេញដោយក្ដីបារម្ភ។

លោកបាននិយាយថា រុស្ស៊ីនឹងលុបចោលរាល់ការរឹតបន្តឹងដោយស្ម័គ្រចិត្តរបស់ខ្លួនលើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកបន្តសកម្មភាព ហើយដាក់ពង្រាយមីស៊ីលបែបនេះទៀតនោះ ។

មេដឹកនាំកំពូលវ័យ៧២ឆ្នាំរបស់មហាអំណាចយោធាលេខ២លើពិភពលោករូបនេះ និយាយថា កងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានគ្រប់គ្រងការតាំងទីលំនៅចំនួន១៨៩ ទីតាំង រហូតមកដល់ពេលនេះ ហើយលោកថា នៅឆ្នាំនេះ អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺនៅទីនោះ សម្រាប់ការរារាំង។
គួររម្លឹកថានេះមិនមែនជាលើកទី១ទេសម្រាប់លោក Putin ដែលតែងតែចោទប្រកាន់លោកខាងលិចចំពោះការរុញស្ថានការណ៍ឲ្យក្ដៅតាមរយៈការផ្គត់ផ្គង់អាវុធនិងកញ្ចប់យោធាផ្សេងៗដល់អ៊ុយក្រែន៕