ប្រទេសឥណ្ឌា បានបញ្ជាឱ្យសាលារៀនប្ដូរទៅរៀនអនឡាញខ្លះសម្រាប់ថ្នាក់មួយចំនួន ស្នើឱ្យការិយាល័យរដ្ឋាភិបាលផ្ដល់ការឈប់សម្រាកដល់បុគ្គលិក និងដាក់ការរឹតបន្តឹងលើយានជំនិះនៅទីក្រុងញូវដេលី និងតំបន់ជាប់រដ្ឋធានី ក្នុងវិធានការប្រឆាំងកង្វក់ខ្យល់ ឬការបំពុលខ្យល់ ខណៈគុណភាពខ្យល់បានធ្លាក់ចុះខ្លាំងនៅភាគខាងជើងរបស់ប្រទេស កាលពីថ្ងៃចន្ទ (១៦ ធ្នូ)។

ក្រុមប្រឹក្សាកណ្ដាលត្រួតពិនិត្យកង្វក់បរិយាកាស បាននិយាយថា ទីក្រុងដេលី បានកត់ត្រាគុណភាពខ្យល់ "អាក្រក់ខ្លាំង" កាលពីថ្ងៃចន្ទ ជាមួយនឹងអំណានសន្ទស្សន៍គុណភាពខ្យល់ AQI ចំនួន ៣៧៩ ក្នុងរយៈពេល ២៤ម៉ោង ដល់ពេលពាក់កណ្តាលថ្ងៃ។
កង្វក់ខ្យល់ កាន់តែអាក្រក់នៅថ្ងៃអង្គារ (១៧ ធ្នូ) នេះដល់កម្រិត "ធ្ងន់ធ្ងរ" លើសពីអំណាន AQI នៃកម្រិត ៤០០ ដែលបង្កហានិភ័យដល់អ្នកមានសុខភាពល្អ និងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់អ្នកមានជំងឺស្រាប់។

គួរបញ្ជាក់ថា ភាគខាងជើងឥណ្ឌា ប្រយុទ្ធប្រឆាំងនឹងកង្វក់ខ្យល់ធ្ងន់ធ្ងររៀងរាល់រដូវរងា ដោយសារខ្យល់ត្រជាក់ និងសីតុណ្ហភាពទាប បានធ្វើឱ្យផ្សែងពុលពីយានយន្ត ធូលីសំណង់ និងផ្សែងពីចំហេះកសិដ្ឋានដែលដុតដំណាំដោយខុសច្បាប់ក្នុងរដ្ឋជាប់នោះ ត្រូវជាប់គាំងនៅក្នុងបរិយាកាស៕
