រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកាណាដា លោកស្រី Chrystia Freeland បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ បន្ទាប់ពីប៉ះទង្គិចពាក្យសម្តីជាមួយនាយករដ្ឋមន្ត្រី លោក Justin Trudeau ជុំវិញបញ្ហា រួមមានទាំងរបៀបដោះស្រាយការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើទៅបាន ដោយត្រូវដោះស្រាយការប៉ះទង្គិចមិននឹកស្មានដល់ ចំពោះរដ្ឋាភិបាលដែលពុំមានប្រជាប្រិយភាពស្រាប់រួចទៅហើយ។

នៅក្នុងលិខិតលាលែងពីដំណែង លោកស្រី Freeland បានច្រានចោលការជំរុញរបស់លោក Trudeau សម្រាប់ការចំណាយដែលកើនឡើង ថាជាតាកទិកនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុង Ottawa ក្នុងការដោះស្រាយជាមួយនឹងពន្ធនាំចូល២៥ភាគរយ ដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងធ្វើ។

ការលាលែងពីតំណែងដោយលោកស្រី Freeland អាយុ៥៦ឆ្នាំ ជាអ្នកដែលបម្រើការជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ គឺជាវិបត្តិធំបំផុតមួយ ដែលលោក Trudeau ប្រឈមមុខចាប់តាំងពីការឡើងកាន់តំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។
រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក Dominic LeBlanc ដែលជាសមាជិកនៅក្នុងចំណោមមនុស្សជំនិតរបស់ លោក Trudeau ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។
លោកស្រី Freeland បានលាឈប់ពីការងារតែប៉ុន្មានម៉ោងមុនពេលលោកស្រីត្រូវកំណត់ពេលដើម្បីបង្ហាញបច្ចុប្បន្នភាពសេដ្ឋកិច្ចដែលធ្លាក់ចុះ ដល់សភា។