ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែង លោក Bashar al-Assad បាននិយាយជាលើកដំបូង បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសស៊ីរី នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានចាកចេញ នៅពេលដែលទីក្រុងដាម៉ាស បានដួលរលំ ហើយបានរិះគន់មេដឹកនាំថ្មីរបស់ប្រទេសនេះ ថាជា «ភេរវករ» ។

លោក Assad បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី កាលពីជាងមួយសប្តាហ៍កន្លងទៅនេះ ខណៈការវាយលុកលឿនដូចផ្លេកបន្ទោរដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) បានវាយលុកចូលទីក្រុងក្រោមការគ្រប់គ្រងរបស់លោក រហូតដល់ក្រុមឧទ្ទាមដណ្តើមបានរដ្ឋធានីរបស់ប្រទេសស៊ីរី។
ការដួលរលំនៃការគ្រប់គ្រងរបស់លោក Assad បានធ្វើឱ្យពិភពលោកស្រឡាំងកាំង និងបង្កឱ្យមានការរៀបចំពិធីអបអរនៅជុំវិញប្រទេសស៊ីរី និងហួសពីនេះ បន្ទាប់ពីការបង្ក្រាបរបស់លោកលើការតវ៉ាលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១១ បានបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមបំផុតមួយ នៃសតវត្សន៍នេះ។

សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែង បាននិយាយថា «ការចាកចេញរបស់ខ្ញុំ ពីប្រទេសស៊ីរី ពុំត្រូវបានគ្រោងទុកនោះទេ»។
សេចក្តីថ្លែងការណ៍បាននិយាយថា «ទីក្រុងមូស្គូបានស្នើឲ្យមានការជម្លៀសខ្លួនបន្ទាន់ទៅកាន់ប្រទេសរុស្ស៊ី នៅល្ងាចថ្ងៃអាទិត្យ ទី ៨ ខែធ្នូ» បន្ទាប់ពីលោកចាកចេញនៅថ្ងៃនោះ ទៅកាន់ទីក្រុង Latakia ជាកន្លែងដែលរុស្ស៊ី ធ្វើប្រតិបត្តិការមូលដ្ឋានកងទ័ពជើងទឹក ក្នុងប្រទេសស៊ីរី។