ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទទី១៦ ខែធ្នូ ថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយបាននិយាយថាលោកមានអារម្មណ៍សោកសៅដោយឃើញរូបភាពនៃការសម្លាប់រង្គាលពីជម្លោះ។

លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្លឹប Mar-a-Lago របស់លោកនៅ ទីក្រុង Palm Beach រដ្ឋ Florida ថា «សង្គ្រាមនេះត្រូវតែបញ្ឈប់»។

លោក Trump ពុំបានផ្តល់ចម្លើយដោយផ្ទាល់ទេ នៅពេលត្រូវបានគេសួរថាតើ លោកជឿថា អ៊ុយក្រែន គួរតែប្រគល់ទឹកដីទៅឱ្យរុស្ស៊ី ជាផ្នែកនៃដំណោះស្រាយដែលចរចារ ចំពោះសង្រ្គាមរយៈពេលជិតបីឆ្នាំ ឬយ៉ាងណា។
លោក Trump បាននិយាយថា ទឹកដីភាគច្រើននៅក្នុងជម្លោះ ត្រូវបានពង្រាបទៅជាកម្ទេចកម្ទីថ្ម ហើយនឹងត្រូវចំណាយពេលមួយសតវត្សរ៍ដើម្បីស្តារឡើងវិញ។