ប្រធានអង្គការតស៊ូមតិស៊ីរី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា ផ្នូរដ៏ធំមួយនៅខាងក្រៅទីក្រុងដាម៉ាស មានដាក់សាកសពមនុស្សយ៉ាងហោចណាស់ ១០០.០០០នាក់ ដែលត្រូវបានសម្លាប់ដោយអតីតរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ដែលត្រូវបានផ្ដួលរំលំ។

លោក មូអាស មូស្តាហ្វា (Mouaz Moustafa) បាននិយាយក្នុងបទសម្ភាសន៍តាមទូរសព្ទពីទីក្រុងដាម៉ាស ទៅសារព័ត៌មានរ៉យទ័រថា ផ្នូរនៅតំបន់ អាល់-គូតាយហ្វា (al Qutayfah) ចម្ងាយ ៤០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស៊ីរី គឺជាផ្នូរមួយក្នុងចំណោមផ្នូរដ៏ធំចំនួន៥ ដែលត្រូវបានរកឃើញក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក Moustafa ប្រធានក្រុមការងារសង្គ្រោះបន្ទាន់ស៊ីរី បាននិយាយថា "សាកសពរាប់រយពាន់នាក់គឺជាការប៉ាន់ស្មានធម្មតាបំផុត" ដោយបញ្ជាក់ថា លោកប្រាកដណាស់ថា មានផ្នូរធំជាងកន្លែងទាំងប្រាំនេះទៅទៀត ដែលរួមមានជនរងគ្រោះស៊ីរី ព្រមទាំងពលរដ្ឋអាមេរិក និងអង់គ្លេស និងជនបរទេសផ្សេងទៀត។

ប្រជាជនស៊ីរីរាប់សែននាក់ ត្រូវប៉ាន់ប្រមាណបានស្លាប់ចាប់តាំងពីឆ្នាំ២០១១ មក នៅពេលដែលការបង្រ្កាបរបស់លោក Assad លើការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់លោក បានក្លាយទៅជាសង្រ្គាមស៊ីវិលពេញលក្ខណៈ។ លោក Assad បានបដិសេធម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកមិនបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទេ ហើយចោទអ្នកបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកថាជាពួកជ្រុលនិយម៕