បណ្ដាញសង្គម TikTok បានធ្វើកិច្ចខិតខំប្រឹងប្រែងចុងក្រោយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ដើម្បីបន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដោយស្នើឱ្យតុលាការកំពូល រារាំងជាបណ្តោះអាសន្ននូវច្បាប់ដែលមានបំណងបង្ខំឱ្យក្រុមហ៊ុនមេមានមូលដ្ឋាននៅចិនរបស់ខ្លួនគឺ ByteDance ឱ្យលក់កម្មវិធីវីដេអូខ្លីនេះត្រឹមថ្ងៃទី១៩ ខែមករា បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។

TikTok និង ByteDance បានដាក់សំណើបន្ទាន់មួយទៅតុលាការ ស្វះស្វែងរកដីកាបង្គាប់ឱ្យបញ្ឈប់បម្រាមដែលខិតកាន់តែជិតនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់នេះ ខណៈពេលដែលពួកគេប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ អ្នកប្រើប្រាស់អេបនេះនៅអាមេរិកមួយក្រុម ក៏បានដាក់សំណើស្រដៀងគ្នានេះកាលពីថ្ងៃចន្ទផងដែរ។

គួររម្លឹកថា សភាបានអនុម័តច្បាប់ហាមឃាត់នេះកាលពីខែមេសា។ ក្រសួងយុត្តិធម៌ និយាយថា ក្នុងនាមជាក្រុមហ៊ុនចិន TikTok បង្ក "ការគំរាមកំហែងសន្តិសុខជាតិនៃជម្រៅ និងទំហំដ៏ធំសម្បើម" ដោយសារតែការចូលប្រើប្រាស់ទិន្នន័យដ៏ច្រើនលើអ្នកប្រើប្រាស់អាមេរិក។
ជាមួយគ្នានេះ សាលាឧទ្ធរណ៍អាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី០៦ ខែធ្នូ បានច្រានចោលទឡ្ហីករណ៍របស់ TikTok ដែលលើកឡើងថា ច្បាប់នេះរំលោភលើការការពារសិទ្ធិបញ្ចេញមតិដោយសេរី ក្រោមវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕